ព័ត៌មានទាន់ហេតុការណ៍៖

ចិននឹងធ្វើតេស្តរកកូវីដ-១៩​ដល់ពលរដ្ឋ​ទាំង​៩លាននាក់ក្នុងទីក្រុង Qingdao ខេត្ត​Shandong

ចែករំលែក៖

ពលរដ្ឋទាំងអស់រស់នៅក្នុងទីក្រុងកំពង់ផែឈីងតាវ ក្នុង ខេត្តសានដុង (Qingdao ខេត្ត​Shandong ) ទាំងអស់ នឹងត្រូវធ្វើតេស្តរកកូវីដ-​១៩ ក្រោយពេលរកឃើញមានករណីឆ្លងនៅក្នុងទីក្រុងនេះ។
សារព័ត៌មាន​AFPបានផ្សាយថា មន្ត្រីសុខាភិបាលចិន នៅថ្ងៃទី​១២ខែតុលាបានឲ្យដឹងថា កាលពីថ្ងៃទី​១១ខែតុលា នៅទីក្រុង ឈីងតាវ បានរកឃើញមនុស្ស ៦នាក់វិជ្ជមានកូវីដ-​១៩​ ។
មន្ត្រីគ្រប់គ្រងទីក្រុងនេះបានសម្រេចធ្វើតេស្តលើពលរដ្ឋទាំង ៩,៤លាននាក់​​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត។
គណៈកម្មការសុខាភិបាលចិន​បានប្រកាសឲ្យដឹងថា​ មានស្រុកចំនួន​៥​នៅក្នុងទីក្រុងនេះ​បានធ្វើតេស្តរួចរាល់ ក្នុងរយៈពេល​៣ថ្ងៃកន្លងមក​។​ តាមការព្យាករណ៍ ក្នុងរយៈពេល​៥ថ្ងៃខាងមុខទៀត ពលរដ្ឋក្នុងទីក្រុងទាំងអស់​នឹងធ្វើតេស្តរួចរាល់​។
ចិនអាចនឹងធ្វើតេស្ត​តាមបែបរហ័ស​ ទូលំទូលាយ ហើយដល់ថ្ងៃត្រង់ថ្ងៃទី​១២ខែតុលា គណៈកម្មការសុខាភិបាល ទីក្រុង ឈីងតាវ បានធ្វើតេស្តរួចរាល់ដល់ពលរដ្ឋ ២៧៧ពាន់នាក់ ក្នុងនោះរកឃើញមាន​៩ នាក់ វិជ្ជមានកូវីដ-​១៩​។
កាលពីខែមិថុនា ឆ្នាំ​២០២០ នៅតំបន់មួយក្នុងទីក្រុងប៉េកាំង​បានធ្វើតេស្ត​ដល់ពលរដ្ឋ ២០លាននាក់ ក្រោយមានករណីឆ្លងកូវីដ​-១៩ ត្រូវបានរកឃើញនៅទីនោះ។ បច្ចុប្បន្ន​ចិន​បានគ្រប់គ្រងស្ថានភាពទាំងស្រុងហើយពាក់ព័ន្ធការឆ្លងកូវីដ-​១៩ ។ជាមួយគ្នានេះ ចិន ក៏មានវ៉ាក់សាំងប្រឆាំងកូវីដ-​១៩ ស្ថិតនៅក្នុងដំណាក់កាលសាកល្បង​ចុងក្រោយ ហើយនៅពេលដ៏ខ្លីខាងមុខចិននឹងចាក់វ៉ាក់សាំងនេះដល់ពលរដ្ឋ​រស់នៅក្នុងតំបន់ងាយឆ្លងកូវីដ-​១៩បំផុត ៕

ដោយ៖ធី រីណា


ចែករំលែក៖