ក្នុងពេលដែលប្រទេស មួយចំនួនក្នុងតំបន់មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ប្រទេសថៃក៏បានរឹតបន្តឹង ការធ្វើដំណើរ នៅតាមតំបន់ព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា។ សន្តិសុខនៅតាមច្រកទ្វារព្រំដែនខេត្តចំនួន១០របស់ថៃ ត្រូវបានរឹតបន្តឹង ក្រោយរកឃើញមានពលរដ្ឋមីយ៉ាន់ម៉ា ៣នាក់ ទៅកាន់ប្រទេសថៃ ឆ្លងកាត់ស្រុក Mae Sotខេត្តTak រកឃើញឆ្លងកូវីដ-១៩។
បណ្តាខេត្តដែលត្រូវរឹតបន្តឹងសន្តិសុខនោះគឺ ខេត្ត Kanchanaburi, Chumphon, Chiang Rai, Chiang Mai, Tak, Prachuap Khiri Khan, Phetchaburi, Mae Hong Son, Ranong និង Ratchaburi។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃ លោក Chatchai Phromlert បានឲ្យដឹងថា បានប្រគល់តួនាទី ដល់ចៅហ្វាយខេត្តក្នុងការតាមដានស្ថានភាព នឹងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ក្រុមសន្តិសុខយាមត្បាតតាមបណ្តោយព្រំដែនត្រូវបានរឹតបន្តឹង ទប់ស្កាត់ការឆ្លងចូលពីមីយ៉ាន់ម៉ាខុសច្បាប់ ហើយនាំទាំងវីរុសកូវីដ-១៩ ចូលថៃ។
បច្ចុប្បន្ន មីយ៉ាន់ម៉ាមានករណីឆ្លងថ្មីកើនឡើងខ្ពស់បំផុត។
ពាក់ព័ន្ធកូវីដ-១៩ នៅក្នុងប្រទេសថៃ វិញ គិតដល់ថ្ងៃទី១២ខែតុលា ថៃរកឃើញមានករណីឆ្លងថ្មី ៥នាក់ ក្នុងនោះមាន៣នាក់ ជាមនុស្សដែលបានធ្វើចត្តាឡីស័ក និងពីរនាក់រកឃើញនៅក្នុងអាកាសយានដ្ឋាន អន្តរជាតិសុវណ្ណភូមិ (Suvarnabhumi)។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ទៅ ៣.៦៤១និងស្លាប់៥៩នាក់ ៕ដោយ៖ធី រីណា