ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការក្នុងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឃាត់ខ្លួនបុរសម្នាក់តាមដីការបស់តុលាការដីកាលេខ២៣៤ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដោយចៅក្រមស៊ើបសួរ សុវណ្ណ ច័ន្ទន៍គ្រឹះស្នា នៃសាលាដំបូងខេត្តស្វាយរៀងក្នុងករណីចោទប្រកាន់ពីបទរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀនប្រព្រឹត្តនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃចន្ទ១០រោច ខែអស្សុជឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែតុលាឆ្នាំ២០២០ វេលាម៉ោង១និង១៥នាទីរសៀលស្ថិតក្នុងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ជនដែលបង្គាប់អោយឃាត់ខ្លួនមានឈ្មោះ សន កុយ (ហៅស្នា) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រភពបន្តថាជនខាងលើត្រូវបានចោទប្រកាន់ពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅក្រុងបាវិតកាលអំឡុងឆ្នាំ២០១៧រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលចែងផ្ដន្ទាទោសតាមមាត្រា៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

ប្រភពបន្តថា លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចន្ទ្រាបានរាយការណ៍មកថាមានមុខសញ្ញាដែលមានដីកាចាប់ខ្លួនមកក្នុងមូលដ្ឋានឃុំចន្ទ្រាមានឈ្មោះ សន កុយ (ហៅស្នា) ទើបកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រាបានចុះទៅឃាត់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖