ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មពួកនិងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ចុះជួយដកដំឡូងមីពីទឹកជំនន់ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការឲ្យលោកវរសេនីយ៍ឯក សៅ សារឿន ជាអធិការនគរបាលស្រុកថ្មពួក រៀបចំនិងដឹកនាំកងកម្លាំង២៥នាក់ និងកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ចំនួន៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯកឡុង សំណាង មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បចុះទៅជួយប្រមូលផលមើមដំឡូងមីដណ្តើមពីទឹកជំនន់ជូនប្រជាពលរដ្ឋ០២គ្រួសារ នៅភូមិគោករមៀត និងភូមិបឹងតាស្រី ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក និងលោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរសេ នាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ដើម្បីជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ ពិសេសនៅតំបន់ជិតព្រំដែន ចម្ការដំឡូងមី របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់ជន់លិចផលដំឡូងមីរបស់ពួកគាត់ ដែលកំពុងតែប្រមូលផលមិនទាន់ក៏ត្រូវរងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងនិងទឹកហូរធ្លាក់ពីប្រទេសថៃ ។

ក្នុងនោះមានប្រជាពលរដ្ឋមួយចំនួនកំពុងតែមមាញឹកក្នុងការប្រមូលផលមើមដំឡូងមីនេះ តែក៏ជួបគ្រោះធម្មជាតិទឹកជំនន់ធ្វើឲ្យពួកគាត់ប្រមូលមិនទាន់។ដើម្បីជាឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យគ្រប់បណ្តាអង្គភាពត្រូវដឹកនាំកងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ដែលប៉ះពាល់ដល់ លំនៅដ្ឋាន ក៏ដូចជាផលដំណាំរបស់ពួកគាត់ ពិសេសគឺដំណាំកសិឧស្សាហកម្មនិងដំណាំកសិកម្មនោះទើបកម្លាំងខាងលើចុះទៅជួយដកមើមដំឡូងជូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯកបន្តថា ជាលទ្ធផលកម្លាំងរបស់លោកបានជួយដកដំឡូងមីប្រមូលមើមដណ្តើមពីទឹកជំនន់០២គ្រួសារ ក្នុងនោះគ្រួសារទី០១/ឈ្មោះ សូរ សាលេម ភេទស្រី អាយុ៥០ ភូមិគោករមៀត ឃុំគោករមៀតជិត៣ ហិកតានិងគ្រួសារទី០២/ឈ្មោះចាន់ បូរី ភេទប្រុសអាយុ៦៥ឆ្នាំ ភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិត៤ហិកតា។

នេះជាជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិទើបនៅថ្ងៃទី១២ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រជុំផ្សព្វផ្សាយដល់កងកម្លាំងនគរបាលការិយាល័យជំនាញចំណុះស្នងការដ្ឋាននិងជូនដំណឹងដល់គ្រប់បណ្តាអធិការនគរបាលស្រុក ក្រុងទាំង០៩និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ ត្រូវប្រមូលផ្តុំកម្លាំងត្រៀមប្រចាំការនៅក្នុងអង្គភាព២៤ម៉ោង ដើម្បីដោះស្រាយនូវរាល់សភាពការណ៍ផ្សេងៗ ពិសេស គឺជួយសង្គ្រោះប្រជាពល រដ្ឋឲ្យបានទាន់ពេលវេលា 

ដោយ៖ប្រាថ្នា


ចែករំលែក៖