ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ ពិសេស អ្នករស់នៅតាមដងស្ទឹងសែន និងតាមបណ្តោយដងទន្លេមេគង្គ។
សេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះវិហារ បានធ្វើឡើងនៅថ្ងៃទី១៣តុលាឆ្នាំ២០២០នេះ ដោយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសសែន ដងទន្លេមេគង្គ និងនៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះត្បិតព្យុះទី១៥ឈ្មោះលី ហ្វាន បាននឹងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាកសេ ប្រទេសឡាវ ដែលធ្វើឲ្យមាភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយស្ថានភាពនេះ នឹងធ្វើឲ្យទឹកទន្លេ នៅតាមបណ្តាខេត្តមួយចំនួនមានការហក់ឡើង។
ដោយឡែក ទឹកស្ទឹងសែន ខេត្តព្រះវិហារ ក៏នៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ផងដែរ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនក្នុងខេត្ត មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅជិត និងសូមរាយការណ៍ឲ្យបានឆាប់មកអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត ជាបន្ទាន់ ក្នុងករណីជួបនឹងគ្រោះទឹកជំនន់នេះ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា ៕
ដោយ៖សូរិយា