ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ជំនន់ស្ទឹងព្រែកត្នោត បន្ដវាយប្រហារផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ មកដល់ម៉ោងនេះ ជិត៨០០គ្រួសារហើយ ដែលរងផលប៉ះពាល់ មន្ដ្រីយើងកំពុងជួយសង្គ្រោះ

ចែករំលែក៖

       ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងក្នុងឱកាសចុះពិនិត្យសណ្ដស្ទឹងព្រែកត្នោត ក្នុងសង្កាត់ទៀន ,គងណយ ខណ្ឌដង្កោ នៅរសៀលថ្ងៃទី១៣ ខែតុលានេះថា៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោតកាន់តែជន់ឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោតនេះ ។ 

     គិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន៨០០គ្រួសារហើយនៅខណ្ឌដង្កោ ដែលត្រូវទឹកជំនន់វាយប្រហារ ។ 

    លោកបានបន្ដថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្ដែងដែលរហូតមកដល់ម៉ោងនេះ សង្កាត់ចំនួន៧ហើយក្នុងចំណោម សង្កាត់ទាំង១២របស់ខណ្ឌដង្កោដែលត្រូវបានលិចលង់ដោយទឹកជំនន់ ក្នុងនោះមានប្រជាពលរដ្ឋ៧៧១គ្រួសារដែលរងផលប៉ះពាល់។ 

      វិធានការចំពោះមុខដើម្បីទប់ស្កាត់ ស្ថានភាពជន់លិចនេះ លោក ឃួង ស្រេង បានបញ្ជាឲ្យចាក់ដីទប់តាមសណ្ដស្ទឹងព្រែកត្នោតជាបណ្ដោះអាសន្នសិន។

     ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោតក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងព្រែកត្នោត កាន់តែហក់ឡើងខ្ពស់ពីមួយនាទីទៅមួយនាទីមិនទាន់ថយចុះឡើយ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានត្រៀមលក្ខណៈ និងចេញជួយសង្គ្រោះ ប្រជាពលរដ្ឋគ្រប់វិនាទីទាំងអស់។

      បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអភិបាលខណ្ឌដង្កោ ចុះចលនាប្រជាជនតាមភូមិ ចូលរួមលើកដី ធ្វើជាទំនប់ទប់ទឹក នៅតាមសណ្ដស្ទឹងព្រែកត្នោតនេះផងដែរ។ ពិសេសអ្នកមានដីតាមដងស្ទឹង ចូលរួមចែករំលែកជួយជាគ្រឿងចក្រកាយដីដើម្បីលើកជាទំនប់ ការពារទឹកហូរចូលភូមិឋានផ្សេងទៀត។

     លោកបន្ដថា ពាក់ព័ន្ធស្ថានភាពទឹកស្ទឹងព្រែកត្នោតនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។  ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករាព្រឹកនេះទឹកមានកម្ពស់៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង០,៤៥ម៉ែត្របន្ថែម លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។ ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹកបានប្រើប្រាស់ គ្រឿងចក្រធុនធ្ងន់ចំនួន២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោងនិងជា ពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំធ្វើអន្តរាគមន៍ រហូតគ្រប់គ្រងសភាពការណ៍ ស្ថានភាពទឹកជំនន់ ដែលកំពុងយាយីបានទាំងស្រុងមកវិញ៕ដោយ៖សំរិត


ចែករំលែក៖