ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលយកអំណោយមនុស្សធម៌ ទៅចែកជូនកម្មករសំណង់ចំនួន២៧គ្រួសារនៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា១ក្រុម ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនកម្មករសំណង់ចំនួន២៧គ្រួសារ នៅតំបន់សេដ្ឋកិច្ចពិសេស ដែលបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មានមតិសំណេះសំណាលទៅកាន់បងប្អូនកម្មករសំណង់ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកជាទីបំផុត។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

អំណោយដែលសាខាបានផ្តល់ជូនកម្មករសំណង់ចំនួន២៧គ្រួសារ ដែលមានសមាជិក៨៩នាក់ ក្នុង១គ្រួសារទទួលបាន អង្ករ១៥គីឡូក្រាម មី១០កញ្ចប់ ទឹកសុទ្ធ១យួរ និងថវិកា៥ម៉ីនរៀល៕

ដោយ៖ឆ ដា


ចែករំលែក៖