ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង៥០០គ្រួសារក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់​ ខណះអាជ្ញាធរបានជម្លៀសពលរដ្ឋឲ្យមកទីទួលមានសុវត្តិភាព

ចែករំលែក៖

ភ្នំពេញ៖ នាយប់ថ្ងៃទី១៣ និងឈានចូលថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានដឹកនាំបញ្ជាផ្ទាល់ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងជន់លិចតាមដងស្ទឹងព្រែកត្នោត​ នៃខណ្ឌដង្កោ​ ដោយមានប្រជាពលរដ្ឋជាង៥០០គ្រួសារក្នុងសង្កាត់ចំនួន៤បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

    អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា នៅពេលនេះរាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងនោះមានអូប័រ ២០​ទៅ៣០គ្រឿង ព្រមទាំងរថយន្តធុនធំសម្រាប់ដឹកជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ ។ ក្នុងអំឡុងពេលនោះ​ ក៏មានស្ត្រីម្នាក់មានផ្ទៃពោះ និងស្ត្រីកូនខ្ចី​ ព្រមទាំងប្រជាពលរដ្ឋរស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះបញ្ជូនទៅកាន់ទីទួលសុវតិ្ថភាពបានដោយជោគជ័យ និងផ្ដល់ថវិកាមួយចំនួនផងដែរ​ ។ 

  គួរបញ្ជាក់ថា​ ខណៈដែលលោកអភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំបញ្ជាផ្ទាល់ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញ ឲ្យបិទផ្លូវជាតិលេខ៣ជាបណ្តោះអាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងដោយសារទឹកជំនន់។

  ជាមួយគ្នានោះដែរ​ ក៏មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោនៅយប់ថ្ងៃទី១៣ ខែតុលាបានឲ្យដឹងថា៖​ “ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ក្នុងខណៈពេលនេះលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បាននិងកំពុងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួសតាមផ្លូវជាតិលខ២១ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេកហ្វេសប៊ុករដ្ឋបាលខណ្ឌ។ សូមអរគុណ!”៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖