ភ្នំពេញ៖ កម្មករនិយោជិតក្រុមហ៊ុន ស៉ីនទ្រី ព្រមចូលធ្វើការវិញទាំងអស់គ្នា ចាប់ពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលយកនូវអ្វីដែលជាការព្រមព្រៀងគ្នា។
ការយល់ព្រមចូលធ្វើការវិញនេះ បន្ទាប់ពីមានការសម្របសម្រួល និងស្វែងរកដំណោះស្រាយយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
មន្ដ្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «បន្ទាប់ពីព្រមព្រៀងគ្នាជាលើកទី២ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្មករនិយោជិតរបស់ក្រុមហ៊ុន ស៉ីនទ្រី ដែលធ្វើកូដកម្មទាំងអស់នោះ បានយល់ព្រមចូលធ្វើការវិញតាមតួនាទីរបស់ពួកគេរៀងៗខ្លួនហើយ»ក្រោយធ្វើកូដកម្មមិនប្រមូលសំរាមជិតកន្លះខែមកនេះ។
សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងម្តងរួចមកហើយ ប៉ុន្តែនៅថ្ងៃបន្ទាប់មិនទាន់ ចូលធ្វើការទើបតែនៅពេលនេះ បានព្រមព្រៀងចូលធ្វើការវិញហើយចាប់ពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ៕
ដោយ ៖ រ៉ារ៉ា