ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាតឲ្យលោក អាណាតូលី បូរូវីក( Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា និងលោកឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណងមិត្តភាពនិងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី )ដែលមានតាំងពីយូរមកហើយ ពោលបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ អតីសហភាពសូវៀត ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយគាំទ្រកម្ពុជា តាំងពីក្រោយរបបប៉ុលពតបានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិចបានព្យាយាមហ៊ុមព័ទ្ធកម្ពុជាឲ្យនៅឯកោ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងគាំទ្រចំពោះបេសកកម្មការទូតរបស់អាណាតូលី បូរូវីក នៅកម្ពុជានិងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទាំងវិស័យនយោបាយ កាទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។
សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈនេះ បច្ចុប្បន្ន ដែលពិភពលោកទាំងមូល កំពុងជួបវិបត្តិជម្ងឺកូវីដ-១៩ ទាមទាឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគំាទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ។
លោកអាណាតូលី បូរូវីក បានសន្យាថានៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង ទំាងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេភាគី និងពហុភាគី។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថាអ្នកវិនិយោគទុនរុស្ស៊ីមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការបណ្តាក់ទុកនៅកម្ពុជា នៅក្នុងវស័យជាច្រើនមានដូចថាមពលអគ្គិសនីជាដើម។ រុស្ស៊ីបានគាំទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជា នៅឆ្នាំ២០២១ ខាងមុខនេះ។
លោក អាណាតូលី បូរូវីក បានចូលរួម ចែករំលែកទុក្ខលំបាក និងសម្តែងការសោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ លោកមានជម្រាបជូនសម្តេចផងដែរ ពីជោគជ័យរបស់ប្រទេសរុស្ស៊ីក្នុងការស្រាវជ្រាវនិងផលិតថ្នាំនិងវ៉ាក់សំាងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យជាវិជ្ជមាន៕
ដោយ៖ សិលា