អន្តរជាតិ៖ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីអាណត្តិថ្មី ប្រជាជននូវែលហ្សេឡង់នៅថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចាប់ផ្តើមទៅបោះឆ្នោតខណៈនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានរំពឹងថា នឹងជាប់ឆ្នោតម្ដងទៀត បន្ទាប់ពីលោកស្រីកំពុងនាំមុខនូវសំឡេងឆ្នោតភាគច្រើន ដែលមិនធ្លាប់មានពីមុនមក ក្នុងការធ្វើយុទ្ធនាការបោះឆ្នោត ដោយលោកស្រីបានទទួលភាពជោគជ័យក្នុងការគ្រប់គ្រងវីរុសកូរ៉ូណា (COVID-19)។
បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៧តុលានេះ តាមការស្ទង់មតិមុនពេលបោះឆ្នោតបានបង្ហាញថាសំឡេងគាំទ្រដល់គណបក្សការងាររបស់លោកស្រី Ardern មានរហូតដល់ ៤៦ភាគរយឯណោះ ដែលបាននាំមុខ ១៥ពិន្ទុលើគណបក្សប្រឆាំង ប៉ុន្តែនៅតែត្រូវការសំឡេងគាំទ្រពីគណបក្សដទៃទៀត ដើម្បីបង្កើនរដ្ឋាភិបាលថ្មី នៅក្រោយការឈ្នះឆ្នោត។
សូមជម្រាបថា នៅពេលធ្វើយុទ្ធនាការបោះឆ្នោតនោះ លោកស្រី Ardern ត្រូវបានពលរដ្ឋស្វាគមន៍យ៉ាងខ្លាំង ដោយមានមនុស្សជាច្រើនបានឈរគាំទ្រពាសពេញដងផ្លូវ ដើម្បីលើកទឹកចិត្តលោកស្រី ក៏ដូចជាថតរូបជាមួយលោកស្រីផងដែរ។ ប្រជាប្រិយភាពរបស់លោកស្រីArdern បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំ២០២០ បន្ទាប់ពីការឱ្យឈ្មោះការបោះឆ្នោតអាណត្តិនេះថា «ការបោះឆ្នោតនៃវីរុសកូរ៉ូណា (COVID-19)» ព្រោះរដ្ឋាភិបាលលោកស្រីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងទទួលបានភាពជោគជ័យ ក្នុងការលុបបំបាត់ចោលនូវវីរុសនេះ។
បច្ចុប្បន្ននេះ នៅក្នុងប្រទេសនូវែលហ្សេឡង់ មិនមានការឆ្លងរីករាលដាលជាសហគមន៍នៃជំងឺ COVID-19 ដែលមានប្រជាជនជាង ៥លាននាក់នេះទៀតទេ ហើយប្រជាជនទាំងអស់ក៏លែងតម្រូវឱ្យពាក់ម៉ាស់ និងរក្សាគន្លាតសុវត្ថិភាពសង្គមទៀតដែរ៕
ដោយ៖ស តារា