ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើការកាប់ប្រហារបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ពេលនេះកម្លាំងកងរាជអាវុធហត្ថនិងនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងស្រាវជ្រាវរកអំពីមូលហេតុឈានដល់ការសម្លាប់នេះផងដែរ។
ហេតុការណ៍កាប់ប្រហារនេះកើតឡើងកាលវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថាមានករណីឃាតកម្ម បានបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ជា សុះ ភេទប្រុស អាយុ៥២ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឃុំ កើតហេតុខាងលើ។
ប្រភពបន្តថាជនរងគ្រោះត្រូវជនសង្ស័យកាប់ចំថ្ងាស់ខាងឆ្វេងបណ្តាលអោយជនរងគ្រោះស្លាប់នៅលើផ្ទះរបស់ខ្លួន ។
ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួចបានគេចខ្លួនបាត់។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថនិងនគរបាលខេត្ត បានត្រួតពិនិត្យរួចប្រគល់សព អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ទោទិត្យវណ្ណៈមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់ថាចំពោះករណីនេះសមត្ថកិច្ចនៅមិនទាន់ហ៊ានអះអាងនិងបញ្ជាក់ថាឃាតកម្មនេះបណ្ដាលមកពីមូលហេតុអ្វីនោះទេទើបឈានដល់ការកាប់ប្រហារបែបនេះតែទោះជាយ៉ាងណាសមត្ថកិច្ចនិងខិតខំធ្វើការស្រាវជ្រាវចាប់ជនបង្កយកមកសាកសួរអំពីដើមទងនៃមូលហេតុក្នុងការកាប់សម្លាប់ជនរងគ្រោះនេះផងដែរ៕
ដោយ៖សេនាស័ក្តិ