ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ នៅគ្រាដែលគេអះអាងចូលទៅចាប់សត្វទា ដើម្បីយកមកធ្វើម្ហូបក្លែមបន្ត ប៉ុន្តែជាអកុសល់ដំណរខ្សែភ្លើងប៉ះជាមួយខ្សែលួស បណ្ដាលឲ្យឆ្លងឆក់ស្លាប់បែបនេះ ។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចទ្រុងទា(ព្រៃផ័រ)ស្ថិតនៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិលបានឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៧ ខែឆ្នាំដដែលនេះថា ជនរងគ្រោះឈ្មោះ វុទ្ធ ចាន់រ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
លោក បន្តទៀតថា ជនរងគ្រោះ និងមិត្តភក្ដិផ្សេងទៀតនាំចាប់សត្វទាធ្វើម្ហូបក្លែមអស់១ក្បាលហើយ លុះនៅវេលាខាងលើទៅចាប់១ក្បាលទៀត ប៉ុន្តែជាអកុសលនៅពេលជនរងគ្រោះលើកជើងកន្លងទ្រុងទាដោយដៃចាប់ខ្សែលួសហ៊ុមទ្រុងនោះ ក៏ឆ្លងចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់តែម្ដង ព្រោះបង្គោលឬស្សី(ខ្សែភ្លើង)បាក់ធ្វើឲ្យដំណរខ្សែភ្លើងប៉ះជាមួយលួសហ៊ុមព័ទ្ធទ្រុងទា ។
នាយប៉ុស្ដិ៍ដដែលបញ្ជាក់បន្ថែមទៀតថា ករណីនេះសមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖បុឹម ពិន