ខេត្តបន្ទាយមានជ័យ៖ តាមការពិនិត្យជាក់ស្តែង របស់ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រឹក អាងតាម៉េង ស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ និងបានលិចលេីខ្នងអាងទាំងស្រុង នូវកម្ពស់ទឹកលិចលេីខ្នងអាង ០.២ម៉ែត្រ ប្រវែងបណ្តោយអាង ៣៤០០ម៉ែត្រ និងដាច់ខ្នងអាងប្រវែង ៥ម៉ែត្រ ជម្រៅ២ម៉ែត្រ (ទឹកហូរមកប្រទេសថៃ តាមអូរកំបុត ស្ថិតនៅឃុំគោរមៀត ស្រុកថ្មពួក) ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធជំនន់ទឹកភ្លៀងនេះ ក៏បានវាយលុកចូលដល់មន្ទីរពេទ្យ ស្រុកថ្មពួក ហើយអ្នកជម្ងឺត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ។ ក្រុមកងទ័ព បានចុះអន្តរាគមន៍ទាំងយប់ ជាមួយអាជ្ញាធរ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត ។
សូមបញ្ជាក់ថា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារ បន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។ នេះជាលើកទី២ហើយ ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដែលកាលពីលើកទីមួយ សម្តេចបានឧបត្ថម្ភ១០ម៉ឺនដុល្លាររួចមកហើយសម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ ៕
ដោយ៖ សិលា