ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ.! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា៖ ការអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាក របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រព្រឹត្ដទៅនៅវត្ដ រតនតេជៈ ហៅវត្ដកំពង់ក្ដុល ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។

ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន២,២០៣គ្រួសារ និងនៅសល់៣,៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះចែកជូនដោយផ្ទាល់នៅព្រឹកនេះ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនតែងមានប្រសាសន៍រម្លឹកថា៖ ខ្ញុំនិងសហការីកាកបាទក្រហមកម្ពុជា សូមចូលរួមការសោកស្តាយ និងសម្តែងនូវអាណិតអាសូរដល់បងប្អូនដែលបានរងគ្រោះដោយសារទឹកជំនន់។
កាកបាទក្រហមកម្ពុជា បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេស ដោយពុំទុកអ្នកណាមួយចោលនោះទេ។
ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់គ្នា៖
– ត្រូវរក្សាអនាម័យឲ្យបានល្អ បរិភោគទឹកដែលបានដាំឆ្អិនត្រឹមត្រូវ
– ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ
– បន្តការបង្ការការឆ្លងមេរោគ COVID-19 នៅក្នុងសហគនមន៍
– ការពារការឆ្លងមេរោគគ្រុនឈាម និងគ្រុនឈីក​ ដល់កុមារ និងទារក៕

ដោយ៖សិលា


ចែករំលែក៖