ព័ត៌មានទាន់ហេតុការណ៍៖

តាំងពិព័រណ៍រូបភាពសត្វស្លាបកម្ពុជាច្រើនប្រភេទជូនភ្ញៀវទេសចរកម្សាន្តនិងយល់ដឹង

ចែករំលែក៖

ខេត្ត​សៀមរាប ៖  អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​សមាគម​ម​គ្គុ​ទេ្ទ​ស​ក៍សត្វស្លាបកម្ពុជា ដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតង បានរៀបចំ​ការតាំង​ពិ​ព័រ​ណ៍​សត្វ​ស្លាប​កម្ពុជា ជា​លើក​ទី​២ ក្រោម​ប្រធានបទ «​ការមើល​សត្វ​ស្លាប​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ធម្មជាតិ​»។

ការប្រារព្ធតាំងពិព័រណ៍សត្វស្លាបកម្ពុជានេះបានប្រព្រឹត្តទៅនា​ថ្ងៃ​សៅរ៍ ទី​១៧ ខែតុលា ឆ្នាំ​២០២០រៀបចំឡើង​ចំនួន​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​សួនច្បារ​មាត់​ស្ទឹង នៃ​ទី​រួម​ខេត្តសៀមរាបក្រោម​ការដឹកនាំ​ដោយ លោក ជួប ប៉ារីស៍ អគ្គនាយក​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ជា​តំណាងដ៏ខ្ពង់ខ្ពស់របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និងនិងមានការចូលរួមពីលោក ង៉ាន់ ភិ​រុណ អភិអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង លោក អ៊ុន ចក្រី អ្នកតំណាង​នៃ​គម្រោង USAID ព្រៃឡង់។ដោយឡែកក៏មានការចូលរួមពីមន្រ្តី មន្ទីរ​បរិស្ថាន​ខេត្ត អង្គការ​ដៃគូ​ជាតិ​-​អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ យុវជន​កាកបាទក្រហម យុវជន​ស.ស.យ.ក ក្រុម​កាយ​រិ​ទ្ធ សិស្សានុសិស្ស ប្រជា​សហគមន៍ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក្រុម​អ្នក​ថតរូប​សត្វ​ស្លាប និង​ធម្មជាតិ សរុប​ប្រមាណ​ជា ២០០​នាក់​ផងដែរ។

លោក អ៊ុន ចក្រី អ្នកតំណាង​នៃ​គម្រោង USAID ព្រៃឡង់ បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំពិព័រណ៍សត្វស្លាប​នេះ គឺ

១.​ផ្សព្វផ្សាយ​ពី​សក្តានុពល​សត្វ​ស្លាប​កម្ពុជា នៅតាម​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​ដល់​សាធារណជនជាតិនិងអន្តរជាតិស្វែងយល់កាន់តែច្បាស់។

២.​បង្កើន​ចំណេះដឹង​ដល់​សាធារណជន​អំពី​សារសំខាន់នៃសត្វស្លាប និង​ការងារ​អភិរក្ស​នៅ​កម្ពុជា​

៣.​បណ្តុះ​ចិត្ត​ស្រឡាញ់ និង​ការចូលរួម​ពី​សាធារណជន ជាពិសេស​យុ​វជន ក្នុងការ​ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា

៤.​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​នៅតាម​តំបន់ការពារធម្មជាតិ ដោយ​រួមបញ្ចូល​សកម្មភាព​មើល​សត្វ​ស្លាប ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​។​

​លោក អ៊ុន ចក្រី  បាន​មានប្រសាសន៍ទៀតថា ការអភិរក្ស​ជីវៈចម្រុះ ដូចជា​ព្រៃឈើ សត្វព្រៃ និង​សត្វ​ស្លាប​ជាដើម​នេះ គឺជា​ផ្នែក​មួយ​ស្ថិតក្នុង​គោលដៅ​អភិរក្ស​របស់​គម្រោង USAID ព្រៃ​ឡង់ ដែល​ផ្តោតទៅលើ​ការការពារ និង​អភិ​ក្ស​ធនធានធម្មជាតិ​ផ្សេងៗ​នៅក្នុង​តំបន់​ទេសភាព​ព្រៃ​ឡង់​។ ដោយមានការយកចិត្តទុកដាក់ យើងបានដាក់ប្រព័ន្ធកាមេរ៉ា ដើម្បី​ចាប់​រូបភាព​តាមដាន​អំពី​ប្រភេទ​សត្វ​ស្លាប​នីមួយៗដែលមាន​នៅក្នុង​ព្រៃ​នៃ​តំបន់​ការពារ​ធនធានធម្មជាតិ ផងដែរ។ ជាលទ្ធផលយើងទទួលបានវត្តមាននៃប្រភេទសត្វ​ស្លាប​កម្រ​មួយចំនួន ដូចជា ត្រ​យ៉ង​យក្ខ ត្រ​យ៉ង​ចង្ក្រម​ពណ៌​ស ទាព្រៃ​ស្លា​បស ត្មាត​ជាដើម​។ល។និង។ល។

ជាមួយគ្នានេះដែរ លោក ជួប ប៉ារីស៍ បាន​មានប្រសាសន៍ថា «​ការអភិវឌ្ឍសត្វព្រៃប្រកបដោយចីរភាពនៅក្នុងបរិបទសង្គម យើង​ចាំបាច់​ត្រូវ​គិតគូរ​អំពី​សសរ​ស្ត​ម ៣​យ៉ាង គឺ ទី​១.​កត្តាសេដ្ឋកិច្ច ទី​២.​កត្តា​សន្តិសុខ និង​សុខុមាលភាព​សង្គម និង​ទី​៣.​កត្តាបរិស្ថាន​»​។ដោយឡែកវិស័យ «​ទេសចរណ៍ធម្មជាតិ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជា​សហគមន៍ និង​បានរួម​ចំណែក​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិតាមរយ:ភ្ញៀវទេសចរណ៍មកទស្សនា។ នៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា មាន​សក្តានុពល​យ៉ាងខ្លាំង​ក្នុងការ​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​សត្វ​ស្លាប។ជាមួយនេះនឹងធ្វើឲ្យមានកំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ បានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ និង​ជាពិសេស​បាន​លើកទឹកចិត្ត​សហគមន៍​ក្នុងការ​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​ផងដែរ​»​។

ពិព័រណ៍សត្វស្លាបនេះ មានស្តង់សម្រាប់ដាក់តាំងបង្ហាញនូវរូបភាព​នៃ​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ សៀវភៅ​គំនូរ សៀវភៅ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន​ផ្សេងៗ សមិទ្ធផល និង​ផលិតផល​របស់​ប្រជា​សហគមន៍​ដែល​រស់នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធនធានធម្មជាតិជាច្រើនទៀត៕ដោយ៖ប្រាថ្នា


ចែករំលែក៖