ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចបិទចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិ៤ខ្សែ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៥៦,៥៨ និង ផ្លូវខេត្តលេខ ១៥៦ដេ,២៥៦៣ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្ត ផ្លូវជាតិ មេត្តាជ្រាបថា៖ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ នឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។

យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សូមធ្វើ ការផ្អាកចរាចរណ៍បណ្តោះអាសន្ននូវ យានយន្ត ដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិ ផ្លូវខេត្តក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដូចខាងក្រោម៖

១.ផ្លូវជាតិលេខ៥៦ ពីក្រុងសិរីសោភ័ណ ដល់បន្ទាយឆ្មារ ព្រំប្រទល់ខេត្តឧត្តរមានជ័យ ។ ២.ផ្លូវជាតិលេខ៥៨ ពីក្រុងប៉ោយប៉ែត ដល់ភូមិថ្លុង ព្រំប្រទល់ខេត្តឧត្តរមានជ័យ ។ ៣.ផ្លូវខេត្តលេខ១៥៦៥ ពីរង្វង់មូលយាយជី ស្រុកមង្គលបូរី ដល់(ភ្លើងស្តុបផ្លូវជាតិលេខ៦ )ស្រុកព្រះនេត្រព្រះ

៤.ផ្លូវខេត្តលេខ២៥៦៣ ពីថ្មពួក ដល់ឃុំគោករមៀត បឹងត្រកួន ។

ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំអោយបាក់ ស្រីត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាង មុតមាំថា បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់ឲ្យបានយូរអង្វែង ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖