ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន៣,៣៨៤គ្រួសារ។ ដែលពិធីនេះបានប្រព្រឹត្តទៅនៅជាប់ក្លោងទ្វាវត្តរតនតេជៈ ហៅវត្តកំពង់ក្តុល សង្កាត់ សាក់សំពៅ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។ ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន២,២០៣គ្រួសារ និងនៅសល់៣,៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកជូនដោយផ្ទាល់នៅព្រឹកនេះ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវក្តីរីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅពេលនេះ ហើយក៏រួមសុខរួមទុក្ខជាមួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្ដេចអញ្ជើញមកក្នុងនាមតំណាង សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាំនាំនូវអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានពីសប្បុរសជននានាផង និងមានអំណោយរួមចំណែករបស់កាកបាទក្រហមកម្ពុជាផងដែរ។ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានមានប្រសាស៍ថា ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរដល់បណ្ដាសប្បុរសជនទាំងឡាយដែលបានចូលរួមសប្បុរសធម៌ជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជាកន្លងមក ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នាពេលនេះ។
នៅក្នុងឱកាសនោះផងដែរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យជាពិសេសពេលដែលទឹកស្រកទៅនោះ។
អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេស, ត្រីខ១យួ (១០កំប៉ុង), ទឹកបរិសុទ្ធ១កេស។ ចំណែកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលបាន ១០០លានរៀលផងដែរ៕
ដោយ៖សិលា