ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកព្រូសបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាត តែភាគីទាំងសងខាងបានជជែកយកត្រូវរៀងៗខ្លួន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០ នៅចំណុចស្តុបទួលទំពូង តាមបណ្តោយផ្លូវលេខ១៦៣ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A 2368 បានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានបើកតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់កន្លែងកេីតហេតុដោយភ្លេីងស្តុបនៅពណ៌ខៀវក៏បន្ថែមល្បឿនទៅមុខទៀត ភ្លាមនោះក៏មានរថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH 3152 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៣ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
បេីតាមភាគីខាងរថយន្តព្រូសបានឲ្យដឹងថា ដោយសារតែភ្លេីងស្តុបអាទិភាពខាងគាត់ពណ៌ខៀវទេីបគាត់បន្ថែមល្បឿនហេីយក៏ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយបែបនេះតែម្តង។
ទោះយ៉ាងណាក៏ដោយសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលតែដោយសារតែភាគីខាងរថយន្តហ៊ីយ៉ាន់ដាយមិនចង់មានរឿងវែងឆ្ងាយក៏ព្រមយករថយន្តព្រូសទៅជួសជុលដេីម្បីបញ្ចប់រឿង៕
ដោយ៖សុខាសែនជ័យ