ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជា ប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ WT អាណត្តិទី៦ (២០២០-២០២៤) ខណៈលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ WT បន្ទាប់ពី គណៈកម្មាធិការ ប្រតិបត្តិសម្រាប់បោះឆ្នោត តែងតែ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។
លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងអាណត្តិទី៦ (២០២០-២០២៤) ប្រសិនបើ មានបញ្ហាការ ខ្វះ ចន្លោះឬមួយខ្វែងគំនិត យោបល់សុំទុក មួយដុំសិន ត្រូវផ្តោតទៅលើការ រួបរួម សាមគ្គីភាពហ្វឹកហាត់ ដើម្បីទទួលជោគជ័យ លើកឆាកអន្តរជាតិ។ ម្យ៉ាងទៀត លោកប្រធាន ស្នើរសុំឲ្យ សមាជិកថ្មីរៀបចំ ផែនការសកម្មភាព ហាត់ហ្វឹកហ្វឺន ជាមួយ លោកស្រី គឹម សេដ្ឋានី អនុប្រធានថ្មី លោក ជ្រិន សុធា និងលោក ឆយ យ៉ុងសុក។
លោក ប្រធាន បានបន្តថា ការរៀបចំ ផែនការសកម្មភាពហាត់ហ្វឹកហ្វឺន ជាពិសេស ហាត់ហ្វឹកហ្វឺន នៅក្រៅប្រទេស អាចយើងអំពាវនាវគាំទ្រ បន្ថែមទៀត ដល់កីឡាករ-កីឡាការិនី របស់យើងរហូតដល់ឆ្នាំ២០២៣ ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ចំណែក សមាសភាព គណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៦ (២០២០-២០២៤) មាន១៣រូប រួមមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធាន លោកស្រី គឹម សេដ្ឋានី លោក ម៉ៅ ស្រេង អនុប្រធាន លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ លោក គង់ សក្ខិដា អគ្គលេខាធិការរង លោក ជាតិ ខេមរា អគ្គហេរញ្ញឹក និងមានសមាជិត៧រូបទៀត។
រីឯ សមាសភាព បរិបាល និងសមាជិកកិត្តិយសសម្រាប់អាណត្តិទី៦ (២០២០-២០២៤) រួមមាន៖អ្នកឧកញ៉ា លាង ឃុន អគ្គនាយក្រុមហ៊ុន ជីប ម៉ុង តែងតាំង ជាបរិបាល នៃខេមរសហព័ន្ធ តេក្វាន់ដូ WT លោកបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងលោក ហែម សំណាង ជាសមាជិកកិត្តិយស ៕
ដោយ៖ សិលា