ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិចិនម្នាក់មិនដឹងមានវិបត្តិអ្វីទេ បានមកលោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជរាំង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ដែលសង្ស័យថាមានវិបត្តិផ្លូវចិត្តអ្វីមួយហើយបានជារត់មកលោតទឹកសម្លាប់ខ្លួននៅទឹកទន្លេមុខព្រះបរមរាជវាំងបណ្ដាលឲ្យស្លាប់ ហើយក្រោយមកត្រូវបានអ្នកនេសាទជនជាតិចាមរកឃើញ។ 

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង ៣០នាទីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ នៅមុខព្រះអង្គដងកើក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់រត់រុឺម៉កកង់បី បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ មានស្ត្រីជនជាតិចិនម្នាក់ដែលរត់មកបុកស្មារបស់គាត់ ហើយគាត់ក៏មិនចាប់អារម្មណ៍ដែរ គឺគាត់ក៏អង្គុយលេងបន្តទៀត តែងាកក្រោយមើលទៅឃើញជនជាតិចិនម្នាក់នោះឈរជក់បារីនៅមុខមាត់ទន្លេ។ក្រោយពីជក់បារីអស់ស្ត្រីជនជាតិចិននោះស្រាប់តែលោតទឹកសម្លាប់ខ្លួនតែម្ដង ហើយពេលនោះគាត់ក៏បានស្រែកឱ្យគេជួយតែជួយពុំទាន់ឡើយ។

តាមប្រភពព័ត៌មានដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពីគាត់ស្រែកដើម្បីឱ្យមានគេជួយ ស្រាប់តែខណៈនោះមានមិត្តភក្កិរបស់នារីរងគ្រោះរត់តាមពីក្រោយពីរបីនាក់បានជួលឱ្យអ្នកនេសាទស្វែងរកនារីដែលលោតទឹកសម្លាប់ខ្លួននោះរហូតទាល់តែឃើញ តែអកុសលនារីរងគ្រោះបាត់បង់ជីវិតបាត់ទៅហើយ។

នគរបាលប៉ុស្តិ៍ជ័យជម្នះបានឱ្យដឹងថាក្រោយពីនាំមិត្តភក្កិរបស់ជនរងគ្រោះដែលស្លាប់យកមកសាកសួរទើបដឹងពីមូលហេតុនៃការស្លាប់របស់ស្ត្រីជនជាតិចិននោះគឺកើតឡើងដោយសារតែជនរងគ្រោះមានជម្លោះជាមួយនឹងសង្សារនៅខុនដូមួយកន្លែងរួចក៏រត់មកលោតទឹកសម្លាប់ខ្លួនតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចធ្វើកោសល្យវិច័យរួចយកសាកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖