ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ទទូច​ឲ្យ​លោក ស៊ូ​ហ្កា​លើក​កង្វល់​ពាក់ព័ន្ធ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលលោក យូស៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ធ្វើទស្សនកិច្ចនៅវៀតណាមដែលជាទស្សនកិច្ចនៅបរទេសលើកដំបូងរយៈពេលថ្ងៃរបស់លោក ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២១ ខែតុលាឆ្នាំ២០២០ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានទទូចឲ្យលោក ស៊ូហ្កាដាក់សម្ពាធលើរដ្ឋាភិបាលវៀតណាម និងឥណ្ឌូនេស៊ី ឲ្យលើកស្ទួយបញ្ហាសិទ្ធិមនុស្ស អំឡុងទស្សនកិច្ចរបស់លោកក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះ

ជាក់ស្តែងនៅក្នុងលិខិតមួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ​កាលពីថ្ងៃទី ១៦ ខែតុលា បានទទូចឲ្យលោក ស៊ូហ្កាលើកកង្វល់ពាក់ព័ន្ធបញ្ហារំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាមទាំងក្នុងជំនួបសាធារណៈនិងឯកជន រួមមាន សិទ្ធិបញ្ចេញមតិ សិទ្ធិប្រមូលផ្ដុំដោយសន្តិវិធី និងសិទ្ធិដើរហើរជាដើម ជាមួយគ្នានោះ អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ ក៏បានស្នើឲ្យនាយករដ្ឋមន្ត្រីជប៉ុនថ្មីរូបនេះរិះគន់រដ្ឋាភិបាលឥណ្ឌូនេស៊ីជុំវិញការបង្ក្រាបលើសេរីភាពផ្នែកសាសនា សេរីភាពសារព័ត៌មាន និងសិទ្ធិជនជាតិភាគតិចជាដើម

បើតាមការបញ្ជាក់ពីលោក Phil Robertson អនុប្រធាន HRW ប្រចាំតំបន់អាស៊ី បាននិយាយថា៖«​ជប៉ុន គួរប្រើឥទ្ធិពលខ្លួនក្នុងនាមជាម្ចាស់ជំនួយដ៏សំខាន់មួយរបស់រដ្ឋាភិបាលរដ្ឋាភិបាលវៀតណាមនិងឥណ្ឌូនេស៊ីដាក់សម្ពាធលើប្រទេសទាំងពីរឲ្យបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្ស​»​

លោក Robertson បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៨ ខែតុលាម្សិលមិញថា នាយយករដ្ឋមន្ត្រី ស៊ូហ្កា គួរយកបញ្ហាសិទ្ធិមនុស្សធ្វើជាសសរស្ដម្ភមួយនៃគោលនយោបាយការបរទេសរបស់ជប៉ុនដូចដែលនាយករដ្ឋមន្ត្រីជប៉ុនមុន លោក ស៊ីនហ្សួ អាបេបានធ្វើកន្លងមកត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក ស៊ូហ្កា ក្នុងនាមជាប្រមុខរដ្ឋភិបាលគឺជាឱកាសដ៏អស្ចារ្យមួយដើម្បីទទូចឲ្យថ្នាក់ដឹកនាំវៀតណាម និងឥណ្ឌូនេស៊ីបញ្ចប់ការរំលោភសិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សរបស់ប្រជាជនពួកគេ

សូមជម្រាបថា លោកស៊ូហ្កាបានទៅដល់ប្រទេសវៀតណាម នៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០ ហើយ​​ជួបថ្នាក់នាយករដ្ឋមន្ត្រីវៀតណាមនៅទីក្រុងហាណូយ នៅថ្ងៃទី១៩ ខែតុលានេះ ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ រំពឹងនឹងព្រមព្រៀងគ្នាសម្របម្រួការធ្វើដំណើរឆ្លងព្រំដែនដើម្បីដឹកជញ្ជូនបរិក្ខារពេទ្យ និងទំនិញសំខាន់ផ្សេងទៀត ហើយជប៉ុនក៏រំពឹងសម្លឹងធ្វើពិពិធកម្មច្រវាក់ផ្គត់ផ្គង់នៅចំពោះមុខជំងឺរាតត្បាតសកលកូវីដ​-១៩ផងដែរ នេះបើតាមក្រសួងការបរទេសជប៉ុន ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានKyodo

គួរបញ្ជាក់ថា បើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ថា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីជប៉ុនន ចាក់ចេញពីប្រទេសវៀតណាម លោកនឹងបន្តទៅកាន់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលាដើម្បីជួបពិភាក្សាជាមួយប្រធាធិបតី ចូកូ វីដូដូ ដើម្បីជជែកការបើកដំណើរការឡើងវិញនូវការធ្វើដំណើររវាងជប៉ុននិងឥណ្ឌូនេស៊ី ដែលផ្អាកដោយវិបត្តិកូវី​ដ​-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវដែក និងកំពង់ផែជាដើម​​៕ដោយ៖ស តារា


ចែករំលែក៖