ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នច្បាប់កំពូលចិន អនុម័តច្បាប់ជីវសន្តិសុខដើម្បីទប់ស្កាត់ជំងឺឆ្លង COVID-19

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីការផ្ទុះជំងឺ COVID-19 ដែលបច្ចុប្បន្នឆ្លងលើមនុស្សជិត៤០លាននាក់នៅលើពិភពលោក កាលពីថ្ងៃទី១៧ ខែតុលាថ្មីៗនេះស្ថាប័នតាក់តែងច្បាប់កំពូលរបស់ចិន បានអនុម័តសេចក្ដីស្នើច្បាប់ជីវសន្តិសុខ ដែលមានគោលដៅទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។ ច្បាប់នេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២១ ទៅ។

បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ច្បាប់ស្ដីពីជីវសន្តិសុខ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិននៅថ្ងៃទី១៧ ខែតុលា។ ដោយច្បាប់នឹងចាត់ទុកជីវសន្តិសុខជាផ្នែកដ៏សំខាន់នៃសន្តិសុខជាតិ ដែលតម្រូវឲ្យមានវិធីសាស្រ្តជាក់លាក់ដើម្បីការពារ។ មិនតែប៉ុណ្ណោះក្រោមច្បាប់នេះ ចិននឹងបង្កើតប្រព័ន្ធទប់ស្កាត់ និងគ្រប់គ្រងជីវសន្តិសុខដូចជាប្រព័ន្ធព្រមានទុកមុននិងការត្រួតពិនិត្យហានិភ័យការវាយតម្លៃ និងស៊ើបអង្កេតហានិភ័យ និងការចែករំលែកព័ត៌មាន។

ទន្ទឹមនឹងនេះ ច្បាប់ថ្មីនេះ ក៏មានបញ្ញត្តិដែលចែងពីហានិភ័យជីវសន្តិសុខជាក់លាក់មួយចំនួនផងដែររួមានជំងឺឆ្លងប្រភេទថ្មី, ការផ្ទុះឡើងភា្លមនិងការរាលដាល ក៏ដូចជាការស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្តជីវសន្តិសុខ។

ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលចិន បានប្រកាសតាំងពីខែឧសភា កន្លងទៅថានឹងបង្កើនល្បឿនចេញច្បាប់ដ៏សំខាន់មួយ ខណៈដែលជំងឺCOVID-19 កំពុងវាយលុកពិភពលោកពេញបន្ទុកឡើងៗ។ ជាក់ស្តែង ជំងឺឆ្លងCOVID-19 ត្រូវបានរាយការណ៍ជាលើកដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នៅចុងឆ្នាំ២០១៩ មុនបន្តឆ្លងដល់តំបន់ឯទៀតរបស់ចិន និងប្រទេសនានាលើពិភពលោកទល់សព្វថ្ងៃ។ ខណៈដែលប្រទេសចិន ជាអ្នករងគ្រោះមុនគេក៏អាចគ្រប់គ្រងជំងឺបានមុនគេដែរ តាមរយៈវិធានការម៉ឺងម៉ាត់បំផុត។

សូមជម្រាបថា ដោយសាររឿងនេះដែរ ចិន និងអាមេរិកក៏ទាស់គ្នាដល់បច្ចុប្បន្ន ដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចោទចិនថាទីកន្លែងបង្កើតឲ្យជំងឺ និងបណ្ដែតបណ្ដោយឲ្យជំងឺនេះឆ្លងពេញពិភពលោក។ ចិនទាត់ចោលការចោទប្រកាន់ និងអះអាងថា មានតែការស៊ើបអង្កេតបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ទើបអាចដឹងពីប្រភពជំងឺប្រភេទថ្មីនេះ

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ចិនមានករណីឆ្លងសរុប ៨៥៦៧២និងស្លាប់៤៦៣៤នាក់។ ទូទាំងពិភពលោក ករណីឆ្លងមានជិត៤០លាននាក់និងស្លាប់ច្រើនជាងមួយលាននាក់៕

ដោយ៖ស តារា


ចែករំលែក៖