ខេត្តកំពង់ឆ្នាំង ៖ ក្រុមគ្រួសារមួយនៅស្រុកបរិបូរណ៍បានលើកដៃសំពះអង្វរ ដល់ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការងារនិងប្រមុខថ្នាក់ដឹកនាំសម្តេចហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយដល់ពួកគាត់ផងពេលនេះពួកគាត់ត្រូវជាឪពុក ម្តាយ និង ជាប្រពន្ធ មានទុក្ខជាន់គ្នាផ្ទួនៗតែម្តង គឺបានបាត់សមាជិកគ្រួសារម្នាក់ជាជន្ទល់រឹងមាំក្នុងគ្រួសារដែលជាពលករម្នាក់នៅប្រទេសជប៉ុនបានឃ្លាតបាត់ឆ្ងាយពីផ្ទះ មិនដឹងថាស្លាប់ឬរស់នោះទេ នៅពេលរត់ចេញពីកន្លែងការងារ ក្រោយពីថៅកែនៅប្រទេសជប៉ុនបានវាយធ្វើបាបយ៉ាងដំណំហើយនោះ។ ក្រោយពីបាត់ប្តី កូនមិនទាន់បានដំណឹងផងនោះស្រាប់តែបន្ថែមគំនរទុក្ខមួយទៀតមកលើគ្រួសារមួយនេះ ដោយក្រុមហ៊ុននាំពលករចេញទៅប្រទេសជប៉ុន បានដាក់ពាក្យបណ្តឹងទាមទារសំណង៥ពាន់ដុល្លារពីក្រុមគ្រួសារ ក្នុងករណីពលកររូបនេះរត់ចេញពីកន្លែងការងារ ។
ក្នុងទឹកមុខក្រៀមក្រំពោរពេញដោយទុក្ខកង្វល់ សំដីមួយៗនិយាយទាំងអួលដើម.ក ស្រ្តីឈ្មោះ ទ្រូយ ស្រីពៅអាយុ២៩ឆ្នាំជាប្រពន្ធពលករ បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់ដែលបាត់ខ្លួនមានឈ្មោះយុង ពែក អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាពលករ ទៅបម្រើការងារនៅប្រទេសជប៉ុន ធ្វើការផ្នែកសំណង់ ។
ស្រ្តីជាប្រពន្ធបានរៀបរាប់ឲ្យដឹងទៀតថា ប្តីរបស់គាត់បានចេញទៅធ្វើការនៅប្រទេសជប៉ុនក្នុងអំឡុងខែមីនា ឆ្នាំ២០២០ តាមរយៈក្រុមហ៊ុន អេស៊ានយូមេន សឹបផត(ខេមបូឌា)(ASIANHUMAN SUPPORT CAMBODIA Col LTD)។ មុនពេលបានចេញទៅធ្វើការនៅប្រទេសជប៉ុន គឺគ្រួសារគាត់បានខ្ចីលុយធនាគារ ដើម្បីដាក់បង់ជូនដល់ក្រុមហ៊ុន ដើម្បីសិក្សានិងធ្វើការនៅប្រទេសជប៉ុន ។
ស្រ្តីជាប្រពន្ធបានបន្តថា នៅពេលប្តីទៅដល់ប្រទេសជប៉ុនដំបូង គឺគាត់បានធ្វើការនិងបានផ្ញើលុយមកឲ្យគាត់បានចំនួន២ដងដែរ ដើម្បីសងរំលស់ទៅធនាគារ ប៉ុន្តែក្រោយមកទៀតបានប្រាប់ថា ថៅកែនៅប្រទេសជប៉ុនបានវាយធ្វើបាប ពេលខ្លះយកញញួរវាយជើងដៃនិងខ្លួន ពិបាករស់នៅណាស់ ប៉ុន្តែនាងជាប្រពន្ធប្រាប់ឲ្យទ្រាំ ហើយបើទ្រាំមិនបានគឺរកសមាគមខ្មែរនៅជប៉ុនឲ្យជួយទៅ។ ក្រោយពីប្រាប់ប្រពន្ធរួច ក៏បានបាត់ដំណឹងតែម្តង ដែលគិតមកដល់ពេលនេះ គឺបាត់រយៈពេលបីខែហើយ ។ រីឯលុយដែលជំពាក់ធនាគារ គឺរូបនាងជាប្រពន្ធទៅស៊ីឈ្នួលគេ ដើម្បីយកមកសងរំលស់ធនាគារ ។
ទ្រូយ ស្រីពៅ ជាប្រពន្ធពលករ រូបនេះបានប្រាប់ទៀតថា បន្ទាប់ប្តីរបស់នាងបាត់ខ្លួនពីកន្លែងធ្វើការ ក៏ស្រាប់តែខាងក្រុមនាំពលករទៅធ្វើការនៅប្រទេសជប៉ុន ដែលមានទីតាំងស្រុកខ្មែរ បានដាក់ពាក្យប្តឹងមនុស្សចំនួន៣នាក់នៅក្នុងក្រុមគ្រួសារនាង ដែលជាអ្នកធានាចេញទៅធ្វើការនៅជប៉ុនដោយទាមទារប្រាក់ចំនួន៥ពាន់ដុល្លារ ។
នាងប្រាប់ទៀតថា ណាមួយព្រួយបាត់ប្តីគ្មានដំណឹង មិនដឹងស្លាប់ឬរស់ ហើយក៏ត្រូវបន្ថែមបន្ទុកមួយទៀតគឺខាងក្រុមហ៊ុនប្តឹងទារប្រាក់ទៀត ណាមួយបំណុលធនាគារ ណាមួយក្រុមហ៊ុនប្តឹងទារប្រាក់ ចំណែកឯប្តីមិនដឹងទៅខាងណាតើឲ្យរូបនាងគិតដូចម្តេច?
ពេលនិយាយនៅក្រុមហ៊ុនមុននឹងចេញ គឺក្រុមគ្រួសារធានាសងលុយដល់ក្រុមហ៊ុន ប្រសិនបើ ពលករដែលជាប្តីរបស់នាងរត់ចេញពីការងារដោយគ្មានសំពាធពីថៅកែ ប៉ុន្តែពេលនេះ ប្តីត្រូវថៅកែធ្វើបាប រត់ចេញបែរជាក្រុមហ៊ុន ដាក់បន្ទុកឲ្យសងទៅវិញ ។
ក្នុងពេលនេះនាងសូមឲ្យសម្តេចទាំងទ្វេជួយរួបនាងផងព្រោះទីទ័លក្រគ្មានអ្វីជាដំុកំភួននោះទេ សង្ឃឹមថា ប្តីទៅធ្វើការបានលុយកាក់សម្រាប់ជួយគ្រួសារ ប៉ុន្តែពេលនេះ ប្តីត្រូវបាត់ខ្លួន បំណុលធនាគារ ក៏ត្រូវសងម្នាក់ឯង។ ចំណែកក្រុមហ៊ុនរឹតតែប្តឹងទារសំណងខ្លាំងថែមទៀត៕ដោយ ៖ ចន្ថា