ព័ត៌មានទាន់ហេតុការណ៍៖

សាកថ្មទូរស័ព្ទនិងបើកកង្ហារទុកចោល បណ្ដាលឲ្យទុស្សេឆេះសម្ភារក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងខណៈដែលម្ចាស់ផ្ទះបានសាកថ្មទូរស័ព្ទចោលបណ្ដាលឲ្យឆេះខូចខាតសម្ភារក្នុងផ្ទះមួយចំនួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ២គ្រឿងមកជួយធ្វើអន្តរាគមន៍។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែងតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម១១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះជួលឈ្មោះ រ័ត្ន សីឡា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានសាកថ្មទូរស័ព្ទមួយគ្រឿងទុកចោល រួមទាំងបើកកង្ហារមួយផងដែរនៅជាន់ឡៅតឿ។ បន្ទាប់មកម្ចាស់ផ្ទះក៏បានចេញទៅក្រៅចាក់សោចោលបានប្រហែលប៉ុន្មានម៉ោងក្រោយមក ស្រាប់តែមានផ្សែងចេញពីផ្ទះកើតហេតុធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ចបង្ការពន្លត់អគ្គិភ័យចេញ រថយន្តជាច្រើនគ្រឿងមកជួយធ្វើអន្តរាគមន៍ក្រោយពេលទទួលបានដំណឹងថាមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់​អគ្គិភ័យ​ចំនួន​២គ្រឿងរួមមាន
រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវចំនួន១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេនស្បឺកចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន
ហើយពន្លត់ចប់នៅម៉ោង១២:៥៥នាទីថ្ងៃត្រង់ នាថ្ងៃ.ខែ.ឆ្នាំដដែល ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖