ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃកោះប្រជុំសភាជាបន្ទាន់ក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាល​កាន់តែកើនឡើង

ចែករំលែក៖

នៅថ្ងៃទី​១៩ខែតុលា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំសភាជាបន្ទាន់មួយ​ក្នុងពេលដែលក្រុមបាតុករត្រៀមធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំ​ក្នុងទីក្រុងបាងកក និងខេត្តក្រុងមួយចំនួនទៀតទូទាំងប្រទេស​។
សារព័ត៌មាន AFP បានផ្សាយថា មានបាតុករថៃរាប់សិបពាន់នាក់ ភាគច្រើនជាយុវជន​បាននាំគ្នាដង្ហែក្បួន​បាតុកម្មរយៈពេលកន្លងមក បង្ខំឲ្យរដ្ឋាភិបាលត្រូវប្រកាសអាសន្ន ហាមប្រាមពលរដ្ឋជួបជុំគ្នាលើសពី​៥នាក់ឡើង។ ប៉ុន្តែក្រុមបាតុករនៅតែបន្តប្រមូលផ្តុំគ្នាជាច្រើនមិនខ្វល់ពីច្បាប់ហាមប្រាមនោះឡើយ។
កាលពីថ្ងៃទី​១៨ ខែតុលា ប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា​ មានក្រុមបាតុករប្រមាណ​២ម៉ឺននាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល​។
នៅថ្ងៃទី​​១៩ ខែតុលានេះ ​ពេលក្រុមបាតុករបានឡើងគម្រោងធ្វើមហាបាតុកម្ម នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចាបានកោះប្រជុំសភាជាបន្ទាន់​ បើទោះបីសភាបានបិទទ្វារជាបណ្តោះអាសន្នក្តី ។ កិច្ចប្រជុំជាបន្ទាន់នោះគឺដើម្បី​ពិភាក្សា​រកដំណោះស្រាយបញ្ចប់វិ​វាទ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាបានលើកឡើងថា​«យើងស្នើឲ្យបើកកិច្ចប្រជុំសភាជាបន្ទាន់ដើម្បីរកដំណោះស្រាយបញ្ចប់វិវាទ»​។ ជាមួយគ្នានោះលោកប្រាយុទ្ធបានព្រមានដល់ក្រុមបាតុករ មិនត្រូវបំពានច្បាប់ឡើយ។
ក្រុមបាតុករថៃ ទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ហើយ​កែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញជាថ្មី​ឡើងវិញ៕ដោយ៖ធី រីណា

 


ចែករំលែក៖