ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីជាមួយលោក ឡេង ណាវ៉ាត់ត្រា, តារាចម្រៀង លោក ព្រាប សុវត្ថិ, លោក ខេម,កញ្ញា តន់ ច័ន្ទសីម៉ាព្រមទាំងក្រុមការងារ បានចុះលុយទឹកនាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ដែលមិនបានឡើងមកលើទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ក្នុងភូមិព្រែករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ចំនួន២៣០ គ្រួសារ មានអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ។
សូមបញ្ជាក់ថា ក្នុងថ្ងៃទី១៩ តុលានេះដែរ គណៈបញ្ជាការឯកភាពខេត្ត បានបែងចែកក្រុមការងារខេត្ត ស្រុក និងយុវជន ចំនួន ៥ ក្រុម បានបន្តយុទ្ធនាការចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារដែលរងគ្រោះទឹកជំនន់ ហើយមិនបានឡើងមកកាន់ទីទួលសុវត្ថិភាព ប្រមាណ ៤.០០០ គ្រួសារ ទាំង០៦ ឃុំក្នុងស្រុកមង្គលបូរី៕
ដោយ៖ សិលា