ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅថ្ងៃទី១៦ខែតុលា កម្លាំងប៉ូលិសបារាំងបានសម្រេចឃុំខ្លួនមនុស្ស១៥នាក់ ក្នុងនោះមានសិស្សសាលាបឋមសិក្សា៤នាក់ដើម្បីបំពេញតាមការស្រាវជ្រាវ។
ការស្រាវជ្រាវពាក់ព័ន្ធនឹងភេរវករ សមា្លប់សាស្ត្រាចារ្យកាលពីថ្ងៃទី១៦ខែតុលាមានការរីកចម្រើនយ៉ាងខ្លាំង។ គិតមកដល់ថ្ងៃទី១៩ខែតុលា ប៉ូលិសបានចាប់ខ្លួនមនុស្ស១៥នាក់ ក្នុងនោះមានសាច់ញាតិក្រុមភេរវករផងដែរ។
កម្លាំងប៉ូលិសបារាំងបានបញ្ជាក់ថា លោក Abdoullakh Anzorov ជាភេរវករបានផ្តល់ប្រាក់ដល់សិស្សអាយុ១៤ឆ្នាំម្នាក់ដើម្បីកំណត់សម្គាល់អត្តសញ្ញាណគ្រូ Samuel Paty ពេលចេញពីសាលាទៅផ្ទះ។ ក្រោយមក សិស្សអាយុ១៤ឆ្នាំនេះបានប្រាប់ទៅសិស្ស៣នាក់ទៀតដែលចូលរួមក្នុងសកម្មភាពខាងលើ។
ក្រោយហេតុការណ៍ គ្រូបង្រៀនប្រវត្តិសាស្ត្រ និងភូមិសាស្ត្រត្រូវបានសម្លាប់ រដ្ឋាភិបាលបារាំងបានសន្យាថា នឹងមានវិធានការការពារដល់គ្រូបង្រៀនផ្សេងទៀតក្នុងមុខវិជ្ជាពាក់ព័ន្ធ។
នៅក្នុងហេតុការណ៍នេះបណ្តាញសង្គមក៏បានដើរតួនាទីមួយក្នុងគម្រោងវាយប្រហារសម្លាប់គ្រូបង្រៀនផងដែរ។
ក្នុងដំណាក់កាលស្រាវជ្រាវ ប៉ូលិសបារាំងនឹងស្រាវជ្រាវឲ្យបានច្បាស់ ក្នុងទំនាក់ទំនងរវាងភេរវករជាមួយអាណាព្យាបាល។ អាណាព្យាបាល របស់ភេរវករ ធ្លាប់បានបង្ហោះរូបភាពថ្កោលទោសគ្រូបង្រៀនពាក់ព័ន្ធនឹងរូបត្លុក ព្រមទាំងអំពាវនាវឲ្យសហគមន៍អ៊ិស្លាមមានសកម្មភាពប្រឆាំងគ្រូបង្រៀនខាងលើ។ ភេរវករ Abdoullakh Anzorov ត្រូវបានបញ្ជាក់ថាមានជាប់ពាក់ព័ន្ធជាមួយគ្រួសារមុនពេលវាយប្រហារសម្លាប់គ្រូបង្រៀន៕ដោយ៖ធី រីណា