ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ផ្ដល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៤សង្កាត់ ចំនួន៣៨៥គ្រួសារនៅខណ្ឌកំបូល

ចែករំលែក៖

        ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយមនុស្សធម៌ជាសម្ភារ និងថវិកាទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ទឹកភ្លៀង៣៨៥គ្រួសារ ស្ថិតក្នុង៤សង្កាត់ គឺសង្កាត់ប្រទះឡាង, កំបូល, បឹងធំ និងភ្លើងឆេះរទេះនៅខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី២០ តុលា ឆ្នាំ ២០២០ នៅទីតាំងវត្ដសុវណ្ណអម្ពារហៅ (វត្ដស្វាយមាស) ។

      អំណោយដែលលោក ឃួង ស្រេង យកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឺកភ្លៀងថ្ងៃនេះមានចំនួន៣៨៥គ្រួសារដែលក្នុង១គ្រួ សារទទួលបានអង្ករ២៥គីឡូក្រាម,មី១កេស,ទឹកសុទ្ធ១ កេស,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរនិងថវិកា៥ម៉ឺនរៀល ។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយសម្តេចទាំងទ្វេបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ។ 

    លោកបានបន្ដថា៖ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋមកនៅលើទីទួលសុវត្ថិភាពទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលខុសត្រូវ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហារដល់កម្លាំងគ្រប់ប្រភេទថែមទៀត។  តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យរដ្ឋបាលរាជធានីភ្នំពេញយើងខ្ញុំនេះ រៀបចំផ្គត់ផ្គង់ស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទឹកមិនឲ្យបងប្អូនខ្វះបរិភោគនោះទេ។ 

   លោក ឃួង ស្រេង បានបន្ដថា៖ ទន្ទឹមនឹងការលំបាកដោយសារទឹកលិចនេះហើយ សូមបងប្អូនកុំភ្លេចអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជាថា (ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាមានទុក្ខលំបាក) និងបានជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដោយផ្ទាល់ ក្រោមកិច្ចសហការពីអាជ្ញាធរ រដ្ឋបាលសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅថ្នាក់ សង្កាត់ថ្នាក់ខណ្ឌនេះតែម្ដង ៕ដោយ៖សំរិត


ចែករំលែក៖