ខេត្តស្វាយរៀង៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានបន្តរកឃើញទំនិញមានដាក់សារធាតុគីមីបូរ៉ាក់លើងៀតបបែល ពពុះសណ្តែក និងផ្សព្វផ្សាយអនុក្រិឹត្យលេខ១៣៣ ផលិតផលចិញ្ចឹមទារកនិងកុមារ លើសំបកវេចខ្ចប់ម្សៅទឹកដោះគោនៅក្រុងស្វាយរៀង។
ការចុះអនុវត្តការងារត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកផឹងនិល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង លោកសរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០ស្ថិតនៅផ្សារវាលយន្តនិង អាជីវករលក់ដូរក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ។
លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានឱ្យដឹងថា លោក
បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់ នៅពេលនេះគឺតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងមន្ទីរពេទ្យនិងផ្សារវាលយន្តទីរួមខេត្តស្វាយរៀង។
នៅក្នុងសកម្មភាពការងារត្រួតពិនិត្យខាងលើនេះ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោកបន្តថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានដាក់សារធាតុគីមីបូរ៉ាក់ដូចជា ងៀតបបែលចំនួន៧គីឡូក្រាមនិងពពុះសណ្តែកចំនួន៥គីឡូក្រាម
ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
ទន្ទឹមនឹងនោះដែរលោកក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀតឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
បន្ទាប់មកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយអនុក្រិឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និង កុមារ លើសំបកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ ៕
ដោយ៖ យឹម សុថាន