ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ទៅ ៦ ថ្ងៃខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ ទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ ថ្ងៃខាងមុខ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពទឹកទន្លេមេគង្គ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ៖ ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ ដែលបាន និងកំពុងបន្តអូសបន្លាយពីលើ កម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ ថ្ងៃខាងមុខ ក្នុងនោះ ៖
– នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ ម៉ែត្រ ។
– នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ ម៉ែត្រ ។
– នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ ម៉ែត្រ ។
សូមជម្រាបថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖