ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន!!​ ឃើញគេទុកម៉ូតូនៅមុខបន្ទប់ចូលទៅសែងយកមកជិះ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

     ភ្នំពេញ ៖​ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច​ កាលពីវេលាម៉ោង១និង១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

    ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន​ ៖​

ទី១​-ឈ្មោះ ហៃ ណាវុធ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។​

ទី២-ឈ្មោះចាន់ មករា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ។

ទី៣-ឈ្មោះ អុល ភ័ណ្ឌ ហៅ(ពៅ)ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ន់ អង់ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។

    បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុរូបគាត់បានចេញមកពីធ្វើការមកដល់បន្ទប់ជួលក៏ទុកម៉ូតូនៅមុខបន្ទប់ដោយចាក់សោ.កត្រឹមត្រូវ រួចក៏បានចូលទៅងូតទឹក។ ពេលងូតទឹករួចគាត់ក៏បានមកមើលម៉ូតូស្រាប់តែអត់ឃើញពេលនោះគាត់ក៏ហៅម៉ូតូអ្នកដែលនៅក្បែរគ្នាឲ្យជិះជូនដើររក​ ស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់គាត់ៗក៏ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ កំពុងតែជិះម៉ូតូល្បាតក៏ឃាត់ខ្លួនជនសង្ស័យបាន៣នាក់យកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣។

  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា​ ពួកគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះចាក់សោទុកនៅមុខបន្ទប់ ពេលនោះពួកគេក៏បានចូលទៅសែងម៉ូតូរបស់ជនរងគ្រោះបានប្រហែលជា ១០ម៉ែត្រហើយក៏បានដោះកុងទ័រដើម្បីបញ្ឆេះ និងកាច់បំបាក់សោ.កដើម្បីជិះបម្រុងយកទៅលក់តែក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាប់បានតែម្តង។

    បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង៣នាក់ខាងលេីត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣​ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមច្បាប់​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖