ព័ត៌មានទាន់ហេតុការណ៍៖

អ្នករៀបចំ​បាតុកម្ម​ថៃ ​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ ព្រោះ Facebook….

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលថៃនឹងចាត់វិធានការទៅលើគ្រុប Facebook របស់បាតុករ ស្រាប់តែនៅថ្ងៃទី១៨ ខែតុលាថ្មីៗនេះ អ្នករៀបចំបាតុកម្មថៃ បានប្រាប់អ្នកចូលរួមរបស់ពួកគេឲ្យប្រើប្រាស់ប្រព័ន្ធ Telegram ដើម្បីទាក់ទងគ្នាវិញ សំដៅកាត់បន្ថយហានិភ័យពីការប្រើប្រាស់ប្រព័ន្ធទាក់ទងសព្វថ្ងៃដែលផ្ដោតលើ Facebook

ជាក់ស្តែងក្រុម Free Youth និង រណសិរ្សបង្រួបបង្រួមដើម្បីThammasat និងបាតុកម្ម (UFTD) ដែលជាអ្នករៀបចំបាតុកម្មប៉ុន្មានថ្ងៃមកនេះ បានបង្ហោះនៅលើទំព័រ Facebook ថា៖ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានស្នើសុំរួចហើយក្នុងការលុបគេហទំព័ររបស់ពួកគេពីបណ្ដាញសង្គម Facebook នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post

ក្រុម Free Youth បញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហានេះ ក៏បានជំរុញឲ្យអ្នកតាមដានរបស់ខ្លួនប្តូរទៅប្រើ Telegram វិញ ដោយបានផ្តល់ការណែនាំអំពីរបៀបកំណត់ឯកជនភាព និងសុវត្ថិភាពនៅក្នុងកម្មវិធីដើម្បីលាក់លេខទូរស័ព្ទរបស់ពួកគេផងដែរ ចំណែកគេហទំព័រហ្វេប៊ុករបស់UFTD ក៏បានប្រកាសថា ខ្លួនកំពុងផ្លាស់ប្តូរទៅទំព័រ​Facebook ថ្មីមួយដែលមានឈ្មោះថា UFTD V.2  និងបានស្នើសុំឱ្យអ្នកតាមដានរបស់ខ្លួនទាក់ទងតាមរយៈ Telegram ផងដែរ

ដោយឡែក លោក Buddhipongse Punnakanta រដ្ឋមន្ត្រីសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ថៃ ជុំវិញបញ្ហានេះដែរ លោក បានលើកឡើងថា រាល់ការសម្រេចចិត្តណាមួយក្នុងការបិទគេហទំព័ររបស់ក្រុមអ្នកតវ៉ា អាស្រ័យនៅនឹងប៉ូលិស ហើយចំណាត់ការបែបនោះ ក៏តម្រូវឱ្យមានការយល់ព្រមពីសំណាក់ម្ចាស់ Facebook ខ្លួនឯងផងដែរ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះបានបន្ថែមថា ក្រសួងមិនត្រូវបានទាក់ទងដោយប៉ូលីសពីចំណាតការបែបនេះទេ

លោក Buddhipongse បានសង្កត់ធ្ងន់ថា៖ «​ការស្នើសុំបិទ ជាធម្មតាត្រូវការពេលវេលាច្រើនដើម្បីដំណើរការ ហើយក៏វាតម្រូវឱ្យមានដីការបស់តុលាការដើម្បីបន្តនីតិវិធីដែរ​» រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា ក្រសួងរបស់លោក មានកាតព្វកិច្ចរង់ចាំការស្នើសុំរបស់ប៉ូលិសជាផ្លូវការ ហើយនឹងពិចារណាការស្នើសុំការលុបគេហទំព័រហ្វេប៊ុករបស់ Free Youth  និងUFTD  ណា ដែលបានផ្សព្វផ្សាយមាតិកាដែលត្រូវចាត់ទុកថា បានរំលោភលើក្រឹត្យបន្ទាន់ដែលបានដាក់ចេញពីសប្តាហ៍មុនក្រឹត្យបន្ទាន់ខាងលើ ដើម្បីរក្សាច្បាប់និងសណ្តាប់ធ្នាប់នៅចំពោះមុខការកើនឡើងនៃការតវ៉ានៅតាមដងផ្លូវ

ដោយឡែកទាក់ទិននឹងករណីនេះដែរ អនុលេខាធិការអចិន្ត្រៃយ៍ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Phuchaphong Notthaisong ក៏បានអះអាងថា ក្រសួងលោកមិនមានសិទ្ធិអំណាចក្នុងការចាប់ផ្តើមដំណើរការនៃការបញ្ជូនសំណើលុបចោលទៅកាន់ Facebook នោះទេប៉ុន្តែក្រសួងលោកអាចចាត់វិធានការតាមច្បាប់ប្រឆាំងឧក្រិដ្ឋកម្មកុំព្យូទ័រលើសកម្មភាពដែលខុសច្បាប់លើអ៉ីនធើណេដោយ៖ស តារា


ចែករំលែក៖