ភ្នំពេញ៖ សារថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋចំពោះកងទ័ពតាមកញ្ចប់បាយ បានធ្វើឱ្យកងទ័ពរំភើបចិត្ត មានកម្លាំងចិត្ត និងសូមអរគុណទឹកចិត្តអរគុណពិតៗរបស់ប្រជាពលរដ្ឋ! អ្វីដែលខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក ឈានដល់សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យតាមរកអ្នកសរសេរលិខិតអរគុណកងទ័ព ដាក់នៅក្នុងបាយខ្ទប់ស្លឹកចេក ដើម្បីជូនរង្វាន់ពិសេស។
សូមបព្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ នេះបើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃនេះ។
សូមជម្រាបថា៖ ពលរដ្ឋក្នុងភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួកបានវិចខ្ចប់បាយស្លឹកចេក ឱ្យកងកម្លាំងហូប ក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។
នៅពេលដែលកម្លាំងកងទ័ពបើកកញ្ចប់បាយដើម្បីហូបស្រាប់តែឃើញលិខិតថ្លែងអំណរគុណមួយដែលមានខ្លឹមសារថា÷ ខ្ញុំបាទ ញាណ សំខឿនព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹងសូមអរគុណបងៗទាហានទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថា”ថ្ងៃទី១៩.១០.២០ វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ។ ជាការផ្តល់កំលាំងចិត្តយ៉ាងធំធេងដល់កងទ័ព អរគុណ»។
នេះគឺជាទម្លាប់ របស់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ឱ្យតែមានកងកម្លាំងចុះជួយធ្វើអ្វីមួយក្នុងមូលដ្ឋាន ប្រជាពលរដ្ឋតែងតែដាំបាយវិចខ្ចប់ ក្នុង១គ្រួសារ១កញ្ជប់ ជូនកងកម្លាំងហូប ដែលនេះបង្ហាញពីទឹកចិត្ត និងវប្បធម៌ចែករំលែក និងសាមគ្គីភាពចំពោះសមរភូមិមុខនិងសមរភូមិក្រោយនៅគ្រប់កាលៈទេសៈទាំងអស់។
សូមបញ្ជាក់ថា មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាឲ្យបណ្ដាអង្គភាពចំណុះឱ្យកងទ័ពជើងគោកត្រៀមលក្ខណៈ កម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិសាស្ត្រនោះត្រូវរបស់ខ្លួនគ្រប់ទីកន្លែង៕
ដោយ៖ សិលា