ភ្នំពេញ៖ ផ្តើមចេញពីស្មារតីនៃការចេះជួយគ្នាក្នុងគ្រាលំបាក ថ្ងៃនេះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខណ្ឌដង្កោ ហើយបានជួបសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌របស់ស្ថានទូតចិន តាមរយៈ ស.ស.យ.ក. ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិចលំនៅដ្ឋាន ហើយត្រូវបានអាជ្ញាធរជួយសង្គ្រោះ និងជម្លៀសមកកាន់ទីទួលសុវត្ថិភាព សរុបចំនួន៨០០ គ្រួសារ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
លោក ហ៊ុន ម៉ានី បានថ្លែងថា៖ «ចេះជួយគ្នាក្នុងគ្រាលំបាក 🇰🇭 » ខណៈដែលស្ថានភាពទឹកជំនន់មិនទាន់មានការថមថយ សកម្មភាពសប្បុរសធម៌ ពីសំណាក់សប្បុរសជនគ្រប់ទិសទី ជាពិសេស សមាជិក សមាជិកា ស.ស.យ.ក. របស់យើងបាន និងកំពុងបន្តកើតមានក្នុងគោលដៅដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាជនដែលរងគ្រោះ ក៏ដូចជាការគាំទ្រដល់អាជ្ញាធរដែលកំពុងប្រឹងប្រែងទាំងយប់ ទាំងថ្ងៃដើម្បីធានា និងរក្សាសុវត្ថិភាពរបស់ប្រជាជនក្នុងមូលដ្ឋាន ជាពិសេសតំបន់ដែលរងការប៉ះពាល់ធ្ងន់ធ្ងរ។ ទង្វើ និងទឹកចិត្តសប្បុរសធម៌ទាំងអស់ បានសបញ្ជាក់យ៉ាងច្បាស់នូវស្មារតីនៃការចេះជួយគ្នាក្នុងគ្រាលំបាក របស់ប្រជាជនខ្មែរ ក្នុងនាមខ្មែរតែមួួយ៕
ដោយ៖ សិលា