ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ អ្វីៗដែលជាមធ្យោបាយបំពាក់ឲ្យកងទ័ព ក្លាយទៅជា យកមកសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រាលំបាក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីការចោទប្រកាន់របស់ក្រុមអគតិមួយចំនួន ដែលកន្លងមកបានធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពកម្ពុជា ពាក់ព័ន្ធទៅនឹងករណីទិញរថយន្តមកបំពាក់ឲ្យកងទ័ពនោះ។ 

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា ៖ «គេចោទថាទិញរថយន្តយកមកធ្វើអី ដើម្បីដឹកទ័ពសម្លាប់ប្រជាជន ឬយ៉ាងម៉េច »។ ប៉ុន្តែចុងបញ្ចប់ អ្វីៗដែលជាមធ្យោបាយបំពាក់ឲ្យកងទ័ព ក្លាយទៅជាមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ។ សម្ដេចបានបន្តថា ៖ «នេះហើយដែលចង់បញ្ជាក់ថាយើង យកទង្វើជាក់ស្ដែងដើម្បីឆ្លើយតបជាមួយនឹងការចោទប្រកាន់ ថាយករថយន្តមកសម្រាប់ដឹកកងទ័ព ទៅបង្ក្រាបប្រជាពលរដ្ឋ ក៏ប៉ុន្តែប្រជាពលរដ្ឋទទួលបាននូវការសង្គ្រោះសំណាក់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានទាហាន នគរបាល កងរាជអាវុធហត្ថ បូកជាមួយនឹងកម្លាំងផ្សេងៗទៀត ជួយសង្គ្រោះប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង។

សម្ដេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ខណៈដែលសម្ដេចបានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋប្រមាណ១មុឺននាក់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖