ខេត្តបន្ទាយមានជ័យ ៖ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក គឺជាឃ្លាមួយដែលសម្ដេចតេជោ មានប្រសាសន៍លើកឡើងក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រឈមនឹង ការប៉ះពាល់ដោយសារគ្រោះទឹកជំនន់»។ សម្ដេចមានប្រសាសន៍ លើកឡើងអំពីទឹកចិត្តរបស់ប្រជាពលរដ្ឋ បានសរសេរ ដាក់តាមបាយបញ្ចប់ជូនដល់កងទ័ព នូវពាក្យថា «ខ្ញុំបាទ ញៀន សំខឿន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណ ចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋ នៅឃុំគោកកឋិន ទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងទាចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់គ្នា»។
ក្រោយពីការផ្ញើសារនេះ ទាំងសម្ដេច ទាំងកងកម្លាំងប្រដាប់អាវុធ បានថ្លែងអំណរគុណនិងរំភើបចិត្ត មានកម្លាំងចិត្ត និងសូមអរគុណទឹកចិត្ត អរគុណពិតរបស់ប្រជាពលរដ្ឋមកលើកងទ័ព។ សូមបញ្ជាក់ថា៖ ក្រោយឃើញខ្មែរស្រលាញ់ខ្មែរ សម្ដេចក៏បានរម្លឹកផងដែរថា សម្ដេចនឹកឃើញអនុស្សាវរីយ៍កាលនៅវ័យអាយុ ២១ឆ្នាំ បម្រើជាកងទ័ព ពេលនោះ ប្រជាពលរដ្ឋក៏បានខ្ចប់បាយឲ្យកងទ័ពតាមរយៈខ្ចប់ស្លឹកចេក ដែលសម័យនោះគឺសម័យស្លឹកចេក ហើយមាន ជួនកាលសរសេរ ខ្លីៗ ដោយពាក្យថា យុទ្ធជនទទួលជោគជ័យ។ នេះជាការលើកទឹកចិត្តមួយដ៏ធំ ។ សម្ដេចបន្តថា ៖ ខ្ញុំមិនខ្វល់ ពួកប្រឆាំងគេនិយាយយ៉ាងម៉េចថា ព្រោះពួកនេះវាបន់ ឲ្យតែប្រជាជនងាប់ឱ្យបានច្រើន ដើម្បីវាឆ្លៀតយកចំណេញថាយើង អត់សមត្ថភាពគ្រប់គ្រងតែប៉ុណ្ណឹងទេ។ សម្ដេចថ្លែងថា អ្វីដែលយើងខិតខំធ្វើបន្តទៀត គឺខ្ញុំអំពាវនាវឲ្យ កម្លាំងទាំងអស់តាមពិនិត្យមើល ទៅធ្វើល្បាត ទទួលខុស ត្រូវស្វែងរកមនុស្ស ខ្លាចគាត់ចេញមិនទាន់អស់ នៅតាមចុងឈើ ឬនៅតាមផ្ទះ ត្រូវតាមមើល។ ពីព្រោះថាករណីខ្លះអាចមានក្រុមចោរចូលមកលួចរបស់របរទ្រព្យសម្បត្តិរបស់គាត់ ដូច្នេះកងកម្លាំងទាំងអស់ត្រូវការពារជួយសង្គ្រោះប្រជាពលរដ្ឋ ថែរក្សាទ្រព្យសម្បត្តិរបស់ពួកគាត់ដោយការយកចិត្តទុកដាក់បំផុត៕
ដោយ៖ សិលា