ខេត្តបន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់អំពីអវត្តមាន លោកកែ គឹមយ៉ាន នៅខេត្តបន្ទាយមានជ័យ ក្នុងគ្រាដែលប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង ហើយលោក កែ គឹមយ៉ាន គឺជាប្រធានក្នុងការដឹកនាំជួយខេត្តមួយនេះ ដូច្នេះសម្ដេចសុំការយោគយល់ពីប្រជាពលរដ្ឋផង ខណៈគាត់កំពុងមានធុរៈព្យាបាលជំងឺនៅក្រៅប្រទេស។
នៅក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សម្ដេចមានប្រសាសន៍ថា ៖ «ខ្ញុំសុំឱ្យបងប្អូនមេត្តាមានការយោគយល់ពីគាត់ ដោយពេលនេះ គាត់កំពុងព្យាបាលជំងឺនៅឯក្រៅប្រទេស គាត់បានសរសេរមកខ្ញុំថា ស្ថិតក្នុងស្ថានភាពនេះតើខ្ញុំវិលត្រឡប់មកវិញឬយ៉ាងមេច …ខ្ញុំបានឆ្លើយតបត្រឡប់ទៅវិញថា…. សុខភាពសំខាន់ជាង ..ទៅព្យាបាលនិង ព្យាបាលសិន ពីព្រោះទៅព្យាបាលហ្នឹងគេឲ្យធ្វើចត្តាឡីស័កពេល ១៥ថ្ងៃ ទើបបានចូលព្យាបាល ..! ហើយទើបនឹងរកឃើញជំងឺប្រភេទណាដែលគេត្រូវព្យាបាល កុំចង់វិលត្រឡប់បងដោះស្រាយនៅហ្នឹងខេត្តបន្ទាយមានជ័យនេះ»។
សម្ដេចតេជោថ្លែងបន្តថា៖ ដោយសារតែជំងឺរបស់គាត់ អញ្ចឹងហើយសុំការយោគ យល់ពីបងប្អូនប្រជាពលរដ្ឋ ពីព្រោះលោកកែ គឹមយ៉ាន មិនដែលចោលខេត្តបន្ទាយមានជ័យទេ ឱ្យតែខេត្តបន្ទាយមានជ័យ មានបញ្ហា គឺមានមុខកែគឹមយ៉ានហើយ ប៉ុន្តែលើកនេះអត់ឃើញមុខ កែ គឹមយ៉ាន ជាការងឿយឆ្ងល់ ប៉ុន្តែឯកឧត្តមកែ គឹមយ៉ាន គ្នាកំពុងមានជំងឺ ដែលនឹងត្រូវធ្វើការវះកាត់ផង ។ សម្តេចក៏បានបញ្ជាក់ផងដែរថា ទោះជាគាត់កំពុងព្យាបាលជំងឺនៅក្រៅប្រទេស ប៉ុន្តែលោកកែ គឹមយ៉ាន គាត់បានជួយទូកចំនួន ២០គ្រឿងមកឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីជាមធ្យោបាយប្រើប្រាក់ជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ៕
ដោយ៖ សុខ ខេមរា