ប្រទេសតំបន់អាស៊ានពិតជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ច ក្នុងពេលដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ-១៩។
នៅពេលនេះនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោក Yoshihide Suga បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងប្រទេសទាំងពីរ។
ប្រធានាធិបតី Joko Widodo បានយល់ព្រមលុបចោលច្បាប់ចត្តាឡីស័កសម្រាប់ប្រទេសទាំងពីរ ដើម្បីងាយស្រួលបំពេញការងារ។
នាយករដ្ឋមន្ត្រីជប៉ុនសម្រេចបន្តបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសវៀតណាម ដែលជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោក។
នៅពេលនេះជប៉ុន និងឥណ្ឌូនេស៊ី បានសម្រេចបន្តសកម្មភាពការងាររបស់ប្រទេសទាំងពីរដើម្បីជួយដល់សេដ្ឋកិច្ចមានដំណើរការល្អក្រោយរងផលប៉ះពាល់ដោយកូវីដ-១៩។ ប្រទេសទាំងពីរបានសម្រេច កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក ដល់មន្ត្រី ក្រុមអ្នកជំនួយប្រទេសទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនោះរដ្ឋាភិបាលទីក្រុងតូក្យូបានសម្រេច ផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាលទីក្រុង Jakarta នូវទឹកប្រាក់៤៧០លានដុល្លារដើម្បីជួយដល់ប្រទេសនេះក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីជប៉ុននិងគណៈប្រតិភូបានពាក់ម៉ាស់ការពារជាប់ជានិច្ច ខុសប្លែកពី ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។ នៅវៀតណាម លោក Yoshihide Suga និងក្រុមការងារ មិនពាក់ម៉ាស់ឡើយដោយវៀតណាមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បានល្អមិនមានករណីឆ្លងនៅក្នុងសហគមន៍នោះឡើយ ៕
ដោយ៖ធី រីណា