ព័ត៌មានទាន់ហេតុការណ៍៖

ទាហានចិនដែលត្រូវឥណ្ឌាចាប់ខ្លួន​ពេលនេះបានដោះលែងហើយ​

ចែករំលែក៖

កម្លាំងទាហានចិនដែលឥណ្ឌាបានចាប់ខ្លួន​នៅតំបន់ Demchok ភាគខាងកើត Ladakh ក្រោយពេលដើរវង្វេងផ្លូវចូលទៅកាន់ព្រំដែនប្រទេសឥណ្ឌា​។
បណ្តាញព័ត៌មានANI បានផ្សាយនៅថ្ងៃទី ២១ខែតុលាថា «កម្លាំងទាហានឥណ្ឌាបានដោះលែង​ទាហានចិនឈ្មោះ Wang Ya Long ដោយបញ្ជូនទៅឲ្យកម្លាំងទាហានចិន នៅតំបន់​Chushul Moldo កាលពីយប់ថ្ងៃទី​២០ខែតុលា ឆ្នាំ២០២០។
កម្លាំងទាហានឥណ្ឌាបានឲ្យដឹងថា​ ក្រោយពេលចាប់ទាហានចិន​​ កម្លាំងទាហានឥណ្ឌា​បានផ្តល់ការថែទាំយ៉ាងល្អបំផុត ដោយផ្តល់សម្លៀកបំពាក់ការពាររងាក្នុងពេលអាកាសធាតុត្រជាក់ខ្លាំង​។ទាហានចិន​ឈ្មោះWang Ya Long មានសភាពទន់ខ្យោយ​ ដោយដើរវង្វេងផ្លូវ​ក្នុងអាកាសធាតុត្រជាក់។ទាហានរូបនោះត្រូវជំនួយអុកសុីហ្សែន ដើម្បីជួយឲ្យឆាប់ជាសះស្បើយ។
ហេតុការណ៍ខាងលើកើតឡើង​ក្នុងពេលដែលឥណ្ឌា​និងចិន​បានត្រៀមលក្ខណៈរៀបចំកិច្ចពិភាក្សា​យោធាជាន់ខ្ពស់​ជាថ្មី ស្តីពីដំណើរការ​ដកទាហានចេញពីតំបន់​ភាគខាងកើតLadakh ក្នុងរដូវរងា នេះ។​
នៅតាមបណ្តោយព្រំដែន ​LAC កម្លាំងទាហានចិន ប្រមាណ​៥ម៉ឺននាក់បានបញ្ជូនទៅទីនោះ ចំណែកឥណ្ឌា​ក៏បានបញ្ជូនទាហានទៅ ប្រហាក់ប្រហែលគ្នាដែរ​ ក្រោយទាហានប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា នៅខែមិថុនាឆ្នាំ​២០២០ ៕

ដោយ៖ធី រីណា


ចែករំលែក៖