ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងចំនួន ១០៥គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម, ត្រីខកំប៉ុង ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មុងជ្រលក់ថ្នាំ ១ និងទឹកបរិសុទ្ធ១កេស។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកថាឡាបរិវ៉ាត់ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិវេណ វត្តចំការលើ ឃុំចំការលើ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕
ដោយ៖ សិលា