អតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២១ខែតុលា បានទៅចូលរួមឃោសនាបោះឆ្នោតឲ្យលោកបៃឌិន ដោយលោកបានជំរុញឲ្យអ្នកគាំទ្របន្តគាំទ្រឲ្យកាន់តែរឹងមាំ មិនត្រូវសំអាងទៅលើការស្ទង់មតិថាមានប្រៀបនោះទេ។ លោកអូបាម៉ា បានលើកឡើងថា ដូចជាកាលពីឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់ក្នុងការស្ទង់មតិ ប៉ុន្តែពេលបោះឆ្នោតបែរជាចាញ់ទៅវិញ។
លោកអូបាម៉ាបានលើកឡើងនៅក្នុងពេលឃោសនាបោះឆ្នោតនៅទីក្រុងPhiladelphia រដ្ឋ Pennsylvania ថា «យើងមិនត្រូវពឹងផ្អែកទៅលើការស្ទង់មតិនោះឡើយ»។ សារព័ត៌មាន AFP នៅថ្ងៃទី២១ខែតុលា បានដកស្រង់សម្តីលោកអូបាម៉ាថា« កាលពីលើកមុន ឆ្នាំ២០១៦ យើងក៏មានប្រៀបដូចគ្នា ដែរ ប៉ុន្តែពេលបោះឆ្នោតគឺខុសគ្នា ដោយសារតែមានអ្នកគាំទ្រច្រើននៅផ្ទះមិនព្រមទៅបោះឆ្នោត។ ដូច្នេះការបោះឆ្នោតឆ្នាំនេះមិនត្រូវធ្វើដូចឆ្នាំមុនឡើយ»។
សារព័ត៌មាន New York Times បានផ្សាយថា កន្លងក លោកអូបាម៉ាបានជួយស្វែងរកការគាំទ្រមានទឹកប្រាក់រាប់លានដុល្លារ ប៉ុន្តែមិនដែលបង្ហាញមុខនៅទីសាធារណៈសម្រាប់ការឃោសនាបោះឆ្នោតនោះឡើយ។
នៅពេលនេះលោក អូបាម៉ា បានរិះគន់យ៉ាងខ្លាំងដល់លោកត្រាំថាបានលាក់បាំងការរកស៊ីជាមួយចិន ។ លោកអូបាម៉ាបានបញ្ជាក់ថា «យើងបានដឹងហើយថា លោកត្រាំបានបន្តរកស៊ីជាមួយចិន ហើយមានគណនីធនាគារនៅចិនទៀតផង តែលោកត្រាំ មិនដែលបង្ហាញជាសាធារណៈនោះឡើយ»។ ជាមួយគ្នានេះលោកអូបាម៉ា បានលើកឡើងថា លោកត្រាំ បាននិយាយកុហកពលរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ ៕ដោយ៖ធី រីណា