ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ចាញ់ក្នុងទឹកដីថ្ងៃបើកឆាកវគ្គជម្រុះ Champions League ខណៈ Bayern Munich, Man City និង Liverpool ធ្វើបានល្អ

ចែករំលែក៖

ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champions League កាលពីរាត្រីថ្ងៃទី២១ តុលា ក្រុម Real Madrid ដែលស្ថិតក្នុងពូលB បានប្រកួតចាញ់ក្រុម Shakhtar Donetsk ក្នុងទឹកដីរបស់ខ្លួនយ៉ាងអាម៉ាស់ក្នុងលទ្ធផល ២ទល់៣ ដែលការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ ShakhtarDonetsk រកគ្រាប់បាល់បាន៣គ្រាប់នាំមុខមុន។

៣គ្រាប់ដែលក្រុមភ្ញៀវរកបាននោះគឺ១គ្រាប់ជាការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីកីឡាករ Varane នៅនាទីទី៣០ ប៉ុន្តែកីឡាករ Modrić  បានរកគ្រាប់បាល់តាមវិញនៅតង់ទី២ នាទីទី៥៤ និងកីឡាករ ViníciusJúnior រកបាន១គ្រាប់ទៀតនៅនាទីទី៥៩ ធ្វើឲ្យលទ្ធផលក្រុមភ្ញៀវយកឈ្នះ Real Madrid ៣ទល់២ ដែលធ្វើឲ្យក្រុមដែលធ្លាប់គ្រងជើងឯក Champions League ច្រើនជាងគេមួយនេះបាត់បង់៣ពិន្ទុក្នុងវគ្គជម្រុះតាមពូល។

ចំណែកក្រុមខ្លាំងមកពីអាល្លឺម៉ង់ និងជាអតីតម្ចាស់ជើងឯក Bayern Munich បានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយបានយកឈ្នះក្រុមភ្ញៀវ Atletico Madrid ក្នុងលទ្ធផល៤ទល់០។ ក្រុមខ្លាំង Bayern Munich បានគ្រប់គ្រងបាល់ និងមានឱកាសស៊ុតបាល់បញ្ចូលទីច្រើនជាងក្រុមភ្ញៀវ ដោយនៅតង់ទី១ ក្រុមខ្លាំងមួយនេះរកបាន២គ្រាប់ និងតង់ទី២រកបាន២គ្រាប់បន្ថែមទៀត ដោយកីឡាករ Coman រកបាន២គ្រាប់ម្នាក់ឯង, កីឡាករ Goretzka រកបាន១គ្រាប់ និងកីឡាករ Tolissoរកបាន១គ្រាប់។ លទ្ធផលនេះធ្វើឲ្យក្រុម Bayern Munich ឈរលេខ១បណ្តោះអាសន្នក្នុងពូលA នៃវគ្គជម្រុះតាមពូលក្របខ័ណ្ឌកំពូល Champions League ។

ដោយឡែកក្រុមខ្លាំង២មកពីអង់គ្លេសគឺក្រុមមេឃខៀវ Manchester City និងក្រុមខ្លាំងហង្សក្រហម Liverpool បានយកឈ្នះគូប្រកួតរបស់ខ្លួនទទួលបាន៣ពិន្ទុក្នុងពូលរៀងខ្លួន ដោយក្រុមមេឃខៀវ Man City បានយកឈ្នះក្រុមភ្ញៀវ Porto ក្នុងលទ្ធផល៣ទល់១។ ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Díaz នាំមុខក្រុមម្ចាស់ផ្ទះមុន ប៉ុន្តែត្រូវក្រុម Man City តាមស្មើវិញនៅតង់ទី១ ដោយកីឡាករ Agüero ក្នុងបាល់ប៉េណាល់ទី និងនៅតង់ទី២ បន្ថែម២គ្រាប់ទៀតដោយកីឡាករ Gündoğan និងកីឡាករ Ferran Torres ។ ចំណែកក្រុមហង្សក្រហម Liverpool វិញជាក្រុមដែលមានសំណាងនៅក្រៅទឹកដីរបស់ខ្លួន ពេលប៉ះជាមួយក្រុមម្ចាស់ផ្ទះ Ajax ដោយបានយកឈ្នះក្រុមនេះក្នុងលទ្ធផល ១ទល់០ ដែល១គ្រាប់នេះគឺជាគ្រាប់បាល់សំណាងស៊ុតចូលទីខ្លួនឯងដោយកីឡាករ Tagliafico របស់ក្រុម Ajax ។

លទ្ធផលខាងលើធ្វើឲ្យក្រុម Man City ទទួលបាន៣ពិន្ទុឈរលេខ១បណ្តោះអាសន្នក្នុងពូលC និងក្រុមហង្សក្រហម Liverpool ឈរលេខ២បណ្តោះអាសន្នក្នុងពូលD ដោយមាន៣ពិន្ទុដូចគ្នាជាមួយក្រុមលេខ១ Atalanta ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះ​ Midtjylland ៤ទល់០ កាលពីយប់មិញផងដែរ ៕ដោយ៖ភារៈ


ចែករំលែក៖