ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។
លោក ឃួង ស្រេង បានបញ្ជាបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០២០នេះ។លោកបានណែនាំឱ្យកម្លំាងចម្រុះ និងអាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ ដាក់កម្លំាងល្បាតប្រចាំការនៅទីតាំងសំខាន់ៗ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ការបង្កើនកិច្ចគាំពារសង្គមនេះបានធ្វើឡើង ដោយសារតែក្រុមឧទ្ទាមក្រៅច្បាប់និងអង្គការសង្គមស៊ីវិលមួយចំនួនបានត្រៀមផែនការប្រមូលផ្តុំកម្លាំងដោយខុសច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីប្រឆាំងតវ៉ានៅគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ផែនការប្រមូលផ្តុំរបស់ក្រុមអមិត្តនេះ គឺជាសកម្មភាពផ្ទុយនឹងច្បាប់ដែលកម្លាំងសមត្ថកិច្ចមិនអាចមើលស្រាលបានឡើយ ពោលគឺត្រូវតែទប់ស្កាត់ឱ្យខាងតែបាន ដើម្បីធានាសុវត្ថិភាពសង្គម និងមិនឱ្យក្រុមណាមួយមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ។
កាលពីថ្ងៃទី២១ ខែតុលាកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានព្រមានឱ្យប្រយ័ត្នខ្លួនចំពោះអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី២៣ ខែតុលានេះ ខណៈការប្រមូលផ្តុំធ្វើបាតុកម្មនេះជាសកម្មភាពខុសច្បាប់។
សូមបញ្ជាក់ថា សម្តេចតេជោបានបញ្ជាក់ថា ខ្ញុំសូមផ្តាំទៅអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងភ្នំពេញប្រយ័ត្នប្រយែង គេកំពុងទឹកលិចកុំមករញ៉េរញ៉ៃ មុខសញ្ញាអ្នកឯងគេគ្រប់គ្រងបានហើយ៕ដោយ៖ សំរិត