ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត (គោលដៅទី២ ចំនួន៥០០០គ្រួសារ)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកថ្មពួក (គោលដៅទី១) រួចហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០០គ្រួសារជាបន្តទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសពចំនួន១០លានរៀល និងព្រឹកមិញនេះ ពេលដែលជួបក្រុមគ្រួសារសពផ្ទាល់សម្តេចតេជោក៏បានផ្តល់ជូនចំនួន១២លានបន្ថែមទៀត។

សម្តេចតេជោបានមានប្រសាសន៍បន្តថា ក្រុងប៉ោយប៉ែតនេះ ទឹកជំនន់ចាប់ផ្តើមចុងក្រោយគេ ដោយសារជំនន់ទឹកភ្លៀង និងការបាក់ទំនប់ផង។ សម្តេចតេជោបញ្ជាក់ថា អំឡុងពេលមានទឹកជំនន់ អ្វីដែលយើងត្រូវគិតសំខាន់មុនគេនោះ គឺការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកកន្លែងសុវត្តិភាព ដើម្បីជៀសវាងការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិត។ សម្តេចបានមានប្រសាសន៍ថា នេះគឺជាការសម្រួលការលំបាកដល់ប្រជាពលរដ្ឋ ដែលកំពុងមានគ្រោះអាសន្នដោយទឹកជំនន់នេះ  ហើយក្នុងពិធីនេះ ទោះបីជាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធ្លាប់បានទទួលអំណោយពីមុនក៏ដោយ ក៏ពួកគាត់ត្រូវទទួលបានបន្ថែមទៀត ពេលសម្តេចតេជោចុះមកប្រគល់ដោយផ្ទាល់នេះ។ 

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។

សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖