ខេត្តកំពង់ចាម ៖ ក្នុងនាមកម្លាំងសមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងពុះពារការពារសន្តិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីសន្តិសុខសុវត្ថិភាពដល់បងប្អូនប្រជាជន អ្នកដំណើរតាមដងផ្លូវ ចៀសវាងការកកស្ទះចរាចរណ៍ ដោយសូមអំពាវនាវដល់ប្រជាពលរដ្ឋបញ្ជាចង្កូតយានយន្តគ្រប់ប្រភេទ មេត្តាបើកបរក្នុងកម្រិតល្បឿនតាមស្លាកសញ្ញាកំណត់ឬនិងតាមស្ថានភាពផ្លូវថ្នល់រួមតូចចង្អៀត និងបើកបរគ្មានជាតិស្រវឹង។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនិងសហការី និងមានការចូលរួមពីលោក ប៊ិន ឡាដា អភិបាលនៃគណ:អភិបាលស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០បានចុះពិនិត្យនិងកាយលូបង្ហូរទឹកកុំឱ្យខូចផ្លូវ និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឆ្លងកាត់ដោយមិនមានការកកស្ទះ នៅទីកន្លែងងាយរងគ្រោះដោយទឹកជន់លិចផ្លូវ (ជំនន់ទឹកភ្លៀង)ហូរឆ្លងកាត់ផ្លូវជាតិលេខ៧ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀមខេត្តកំពង់ចាម និងបានកាយលូកុំឱ្យមានថង់សំរាមធ្លាក់ចូលក្នុងលូបណ្តាលឱ្យស្ទះ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមអះអាង បញ្ជាក់ថា កងកម្លាំងនគរបាលជាតិ ត្រៀមជានិច្ចដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារដាច់ខាតមិនឱ្យជនណាម្នាក់មករំខានដល់សន្តិភាពឡេីយ ។
លោកក៏បានស្នេីដល់កងកម្លាំងទាំងបីប្រភេទ ត្រូវរួមសហការគ្នាជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំផែនការក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋនៅក្នុងអំឡុងពេលជួបគ្រោះទឹកជំនន់ដោយទឹកភ្លៀង និងបញ្ហានានា ៕ ដោយ ៖ វណ្ណៈ