កោះតៃវ៉ាន់បានប្រកាសថា ខ្លួននឹងមិនមានការប្រកួតប្រជែងអាវុធ ជាមួយចិននោះឡើយ ហើយការទិញអាវុធពីអាមេរិក គឺដើម្បីពង្រឹងសមត្ថភាពការពារប៉ុណ្ណោះ។ ការលើកឡើងខាងលើ ក្រោយពេលទីក្រុងវ៉ាស៊ីនតោនបានព្រមព្រៀង លក់អាវុធឲ្យកោះតៃវ៉ាន់។
លោកYen Teh-fa មន្ត្រីយោធាជាន់ខ្ពស់តៃវ៉ាន់បានឲ្យដឹងថា ការណ៍ដែលអាមេរិកយល់ព្រមលក់អាវុធឲ្យកោះតៃវ៉ាន់ គឺជាការយកចិត្តទុកដាក់ដល់សន្តិសុខក្នុងតំបន់ពិសេសគឺកោះតៃវ៉ាន់។ លោកYen Teh-fa បន្តទៀតថា «យើងមិនមានគម្រោងប្រកួតប្រជែងអាវុធជាមួយចិននោះឡើយ ហើយការទិញអាវុធគឺសមស្របតាមតម្រូវការរបស់ខ្លួន»។ លោកបន្តទៀតថា ក្រសួងការបរទេសអាមេរិកទើបតែអនុម័តកិច្ចព្រមព្រៀងលក់អាវុធមានតម្លៃ ១,៨ពាន់លានដុល្លារ ក្នុងនោះអាមេរិកនឹងលក់អាវុធទំនើបៗជាច្រើនឲ្យកោះតៃវ៉ាន់។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ខែតុលា បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា អាមេរិកបានលក់អាវុធឲ្យកោះតៃវ៉ាន់ មាន ៣ប្រភេទ គឺប្រព័ន្ធចាប់សញ្ញា ឬសិនស័រ (sensors), គ្រាប់មីស៊ីល និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតនៅក្នុងតម្លៃសរុប ១.៨ពាន់លានដុល្លារ។
ទីភ្នាក់ងារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ដែរថា សេតវិមានគ្រោងនឹងលក់ប្រព័ន្ធអាវុធចំនួន៥ ឱ្យទៅកោះតៃវ៉ាន់ដែលមានតម្លៃរហូតដល់ទៅ៥ពាន់លានដុល្លារឯណោះ ខណៈរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កើនការដាក់សម្ពាធលើប្រទេសចិន និងព្រួយបារម្ភរឹតតែខ្លាំងពីបំណងបង្រួបបង្រួមកោះតៃវ៉ាន់ ដោយកម្លាំងយោធាដ៏ខ្លាំងអស្ចារ្យរបស់ទីក្រុងប៉េកាំង។
ការសម្រេចចិត្តយល់ព្រមលក់អាវុធឱ្យកោះតៃវ៉ាន់ ដោយក្រសួងការបរទេសអាមេរិក កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ចិនបានផ្លាស់ប្ដូរប្រព័ន្ធមីស៊ីលស៊េរីចាស់ៗរបស់ខ្លួន ដោយដំឡើងមីស៊ីលស៊េរីថ្មីៗ ដែលមានសមត្ថភាពហោះហើរលឿនជាងសំឡេងនៅតាមតំបន់ឆ្នេរភាគអាគ្នេយ៍ ហើយតម្រង់ក្បាលទៅរកកោះតៃវ៉ាន់ជាស្រេច។ ចិនជារឿយៗតែងតែចាត់ទុកថា ការលក់អាវុធ ឬការគាំទ្រផ្នែកយោធាពីទីក្រុងវ៉ាស៊ីនតោន គឺជាការលើកទឹកចិត្តឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យ និងផ្ដាច់ខ្លូនចេញពីចិនដីគោក ៕ដោយ៖ធី រីណា