ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ពាក់របាំងមុខ ជិះកាណូតលក់ថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែងស្ថិតនៅក្នុងភូមិ ៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ មានឈ្មោះ ង្វៀង យ៉ាំងវ៉ាង ប្រុសអាយុ ២៥ ឆ្នាំរស់នៅផ្ទះបណ្ដែតទឹកក្នុងភូមិសង្កាត់ខាងលើ តែងពាក់មុខរបាំងមុខបន្លំភ្នែកសមត្ថកិច្ចក្នុងការជិះកាណូតលក់ថ្នាំញៀន។

មន្រ្តីនគរបាលចុះបង្ក្រាបបានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងជំនាញបានរាយការណ៍ជូនស្នងការនគរបាល ខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវ លី និងសុំការអនុញ្ញាតពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការឆែកឆេរនៅពីលើផ្ទះរបស់ជនសង្ស័យខាងលើនិងនាំយកមក ការិយាល័យគ្រឿងញៀនខេត្តដើម្បីធ្វើការសាកសួរបន្ត ។

នៅពេលនោះសមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ដាវមួយកាណូតមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ ធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅតាមដងទន្លេរួម និងមធ្យោបាយបម្រើដល់ការជក់មួយចំនួនផងដែរ ។ ជនសង្ស័យដែលជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀតឈ្មោះ ថាយង្វៀងយ៉ាំងយាក បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់ ។  ជនសង្ស័យដែលឃាត់ខ្លួនបានរួមនឹងវត្ថុតាងថ្នាំញៀនហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖ប្រាថ្នា


ចែករំលែក៖