ព័ត៌មានទាន់ហេតុការណ៍៖

អង្គការការីតាសកម្ពុជាផ្តល់ជូនសម្ភារ ជំនួយមនុស្សធម៌ដល់រដ្ឋបាលខេត្តសម្រាប់ជួយប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កើតឡើង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២០កន្លងមកនេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានទទួលជំនួយមនុស្សធម៌ជាសម្ភារចាំបាច់សម្រាប់ធ្វើអន្តរាគមន៍ចុះជួយដល់ប្រជាពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតឡើងពីអង្គការការីតាសកម្ពុជា។ ពិធីផ្តល់អំណោយមនុស្សធម៌របស់អង្គការការី

តាសកម្ពុជានេះ បានរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ចើញចូលរួមពីលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត, លោកប៉ុន ណារិទ្ធិ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,  លោក គឹម រតនា នាយកអង្គការការីតាសកម្ពុជា និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត។

លោក គឹម រតនា នាយកអង្គការការីតាសកម្ពុជា បានលើកឡើងថា សម្ភារជំនួយមនុស្សធម៌របស់អង្គការការីតាសកម្ពុជានេះ គឺក្នុងគោលបំណងសម្រាប់ចុះជួយធ្វើអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗកើតឡើងក្នុងខេត្តស្ទឹងត្រែង ដែលបានផ្តល់ជូនតាមរយ:រដ្ឋបាលសាលាខេត្តនាពេលនេះរួមមាន ទូកសង្គ្រោះចំនួន ៤គ្រឿង មុង២០០ ភួយ២០០ និងតង់ខៀវ២០០បន្ទះ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប៉ុន ណារិទ្ធិ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងលោក នាយកអង្គការការីតាសដែលបានគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះដោយទឹកជំនន់នេះ ហើយដែលបានផ្តល់ជាសម្ភារប្រើប្រាស់ និងមធ្យោបាយសម្រាប់ធ្វើការជួយជម្លៀសប្រជាពលរដ្ឋទៅទីទួលមានសុវត្ថិភាព  ព្រមទាំងបានផ្តល់ជូននូវសម្ភារប្រើប្រាស់ចាំបាច់ក្នុងការចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល។ ការចូលរួមផ្តល់ជាសម្ភារជំនួយមនុស្សធម៌នេះ សបញ្ជាក់ឲ្យឃើញពីការសហការគ្នាយ៉ាងល្អរវាងមន្ត្រីរាជការ និឹងអង្កការសង្គមស៊ីវិលក្នុងការគិតគូរដល់ប្រជាពលរដ្ឋក្នុងពេលដែលពួកគាត់កំពុងទទួលរងគ្រោះដោយសារធម្មជាតិនិងទឹកជំនន់ជាដើម។ 

លោកអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែងនៅក្នុងឆ្នាំ២០២០ នេះ ក៏បានទទួលរងគ្រោះធម្មជាតិនូវជំនន់ទឹកភ្លៀង ដែលបានបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនពីរស្រុក គឺស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង ក្នុងនោះស្រុកថាឡាបរិវ៉ាត់បានប៉ះពាល់ ចំនួន១៣ភូមិ និងឃុំចំនួន៥ គឺឃុំស្រែឫស្សី  ឃុំអន្លង់ជ្រៃ ឃុំចំការលើ  ឃុំអន្លង់ភេ និងឃុំកាំងចាម។ ចំពោះស្រុក សៀមប៉ាង មានភូមិចំនួន២ក៏ទទួលរងជន់លិចដោយជំនន់ទឹកភ្លៀងដែរ ដែលស្ថិតក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ជំនន់ទឹកភ្លៀងនេះដែរ ក៏បានប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ដំណាំស្រូវស្រែត្រូវបានជន់លិច និងរងផលប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវសាលារៀនវត្តអារាមជាច្រើនកន្លែងផងដែរ ៕ដោយ៖មាស សុផាត


ចែករំលែក៖