ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅគ្រូមុខវិជ្ជាអប់រំកាយ បញ្ចប់ការចងក្រងដោយជោគជ័យ ក្រោយចំណាយពេល ៣ឆ្នាំ ៩ខែ

ចែករំលែក៖

ភ្នំពេញ៖ សៀវភៅគ្រូមុខវិជ្ជាអប់រំកាយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយទីភ្នាក់ការងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) និងអង្គការមិនមែនរដ្ឋាភិបាលជប៉ុន បេះដូងមាស ដើម្បីដាក់ឲ្យដំណើរការក្នុងថ្នាក់មធ្យមសិក្សាបឋមភូមិ បានបញ្ចប់ការចងក្រងដោយជោគជ័យហើយ ក្រោយចំណាយពេលរៀបចំ និងចងក្រងអស់រយៈពេល ៣ឆ្នាំ និង ៩ខែ។

ពិធីបិទបញ្ចប់គម្រោងសហប្រតិបត្តិការរៀបចំសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាបឋមភូមិនេះ ដោយមានការអញ្ចេីញចូលរួម​ ពីលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីគម្រោង ដែលទទួលបានការគាំទ្រពីអង្គកាករ JICA និងអង្គការបេះដូងមាសនេះ បានអនុវត្តចាប់ពីដើមឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។

លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានចាត់ទុកសៀវភៅគ្រូមុខវិជ្ជាអប់រំកាយនេះ គឺជាសមិទ្ធផលថ្មីមួយ នៃកម្មវិធីអប់រំកាយបែបថ្មី ដើម្បីផ្ដល់នូវមានសារៈប្រយោជន៍យ៉ាងសំខាន់ដល់សិស្សានុសិស្ស និងទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា ក៏ដូចជារួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យអប់រំកាយ ក្នុងការផលិតកធនធានមនុស្ស កសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

លោករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំពោះភាគីពាក់ព័ន្ធ ដែលបានខិតខំបំពេញបេសកកម្ម ដែលមានចរិតជាប្រវត្តិសាស្ដ្រនេះឡើង សម្រាប់ការងារអប់រំកាយក្នុងគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោក រំពឹងថា ភាគីជប៉ុន ក៏នឹងបន្ដជួយក្រសួងអប់រំ ទាំងផ្នែកអប់រំ យុវជន និងកីឡា ពិសេសដំណើរឆ្ពោះទៅរកជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងការរៀបចំទូទៅ និងការទទួលបានមេដាយច្រើនពីការប្រកួតផងដែរ។

គួរបញ្ជាក់ថា ការចងក្រងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយខាងលើ បានយករាជធានី-ខេត្តចំនួន ៣ ជាគោលដៅ រួមមានរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង ដើម្បីប្រមូលធាតុចូលតាមរយៈការរៀបចំសិក្ខាសាលាចំនួន ២៧លើក ព្រមទាំងការបង្រៀនទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ កន្លងមកអង្គរបេះដូងមាស បានបោះពុម្ភសៀវភៅគ្រូអប់រំកាយសម្រាប់មធ្យមសិក្សាបឋមភូមិចំនួន ៦០០ក្បាលរួចមកហើយ តែឆាប់ៗខាងមុខ ក្រសួងអប់រំ នឹងបោះពុម្ភបន្ថែម ១៦,០០០ក្បាលទៀត ដើម្បីចែកជូនដល់សាលាមធ្យមសិក្សាបឋមភូមិទូទាំងប្រទេស៕

ប្រភព៖ ទទក


ចែករំលែក៖